ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន និយាយថា ត្រៀមធ្វើការពិភាក្សាពីការបោះឆ្នោតនានា ដើម្បីពន្លឿនកិច្ចពិភាក្សា ជាមួយពួកតាលីបង់

បរទេស៖ ក្នុងគោលបំណងជំរុញឆ្ពោះទៅរក កិច្ចពិភាក្សាសន្តិភាពជាមួយពួកតាលីបង់ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សា ពីការធ្វើការបោះឆ្នោតថ្មីៗ និងទទូចថា រដ្ឋាភិបាលថ្មីណាមួយ គួរតែបង្កើតឡើងតាមរយៈដំណើរការ លទ្ធិប្រជាធិបតេយ្យ។

តាមសេចក្តីរាយការណ៍ នៅក្នុងពិធីបើកអង្គប្រជុំរដ្ឋសភា នៅក្នុងទីក្រុងកាប៊ុល លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ បានមានប្រសាសន៍ប្រាប់ សមាជិករដ្ឋសភាដូច្នេះថា “ការផ្ទេរអំណាចតាមរយៈការបោះឆ្នោត គឺជាគោលការណ៍មិនចាំបាច់ចរចាគ្នា សម្រាប់យើង”។

លោកប្រធានាធិបតី Ashraf Ghani បានជួបជាមួយប្រេសិតពិសេសអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad នៅក្នុងទីក្រុងកាប៊ុល នៅក្នុងអំឡុងសប្ដាហ៍មុន ដើម្បីពិភាក្សាពីវិធីបង្កើនសន្ទុះ ក្នុងកិច្ចចរចាសន្តិភាពដែលជាប់គាំង ជាមួយតំណាងតាលីបង់ ដែលកំពុងប្រារព្ធធ្វើឡើងក្នុងប្រទេសកាតា។

គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាប់ផ្តើមធ្វើការត្រួតពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើងជាមួយពួកតាលីបង់ នៅដើមឆ្នាំ២០២០ ត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សា រវាងពួកបះបោរ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×