ព័ត៌មានអន្តរជាតិ

ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៤លាននាក់ហើយ

អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាហ្វ្រិក បានកើនឡើង ដល់៣.៩៦៣.៧០៦នាក់ គិតត្រឹមថ្ងៃចន្ទ ។

បណ្តាប្រទេស នៅទ្វីបអាហ្វ្រិក កំពុងប្រឈមមុខខ្លាំង ខណៈដែលពួកគេ ចាំបាច់ត្រូវការវ៉ាក់សាំង ។ លោក John Nkengasong នាយកមជ្ឈមណ្ឌល Africa CDC បានថ្លែង ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

គាត់បានថ្លែងទៀតថា ទន្ទឹមនឹងនេះដែរ “ពលរដ្ឋរបស់យើង បានចាប់ផ្តើមប្រឈមមុខ នឹងអ្វីដែលគេហៅថា ជំងឺឆ្លងរាតត្បាត ។ យើងបានជួបបញ្ហានេះ អស់រយៈពេល១ឆ្នាំហើយ ហើយពលរដ្ឋរបស់យើង មានអារម្មណ៍ថា អស់កម្លាំងណាស់” ។

គាត់ក៏បានសង្កតធ្ងន់ ទៅលើភាពចាំបាច់ឲ្យមានវិធានការ ការពារសុខភាពសាធារណៈ ។

មជ្ឈមណ្ឌល Africa CDC ទីភ្នាក់ងារថែទំាសុខភាពពិសេសមួយ នៃសហភាពអាហ្វ្រិក ហៅកាត់ថា (AU) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត មានចំនួន១០៥.៧២២នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៣.៥៤០.៩៨៩នាក់ នៅទូទាំងទ្វីបបានជា សះស្បើយពីជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top