ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ក្នុងបាតុកម្ម ប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កើនឡើងដល់ ៧០នាក់ហើយ

រ៉ង់ហ្គូន៖ យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់ ប្រទេសកាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Thomas Andrews បានអ្នករាយការណ៍ពិសេសយូអិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា “របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា គិតមកទល់ថ្ងៃនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់” ។

លោកលើកឡើងថា “របបយោធាកំពុងឃុំខ្លួនមនុស្សរាប់សិបនាក់ ពេលខ្លះមានការចាប់ឃុំខ្លួន រាប់រយនាក់ជារៀងរាល់ថ្ងៃ” ។ ចំនួនសរុបនៃការចាប់ខ្លួន និងការឃុំខ្លួនតាមអំពើចិត្ត ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ បានកើនឡើងលើសពី ២,០០០នាក់ ហើយអំពើហឹង្សាទៅលើអ្នកតវ៉ា រួមទាំងអំពើហឹង្សាប្រឆាំងនឹង មនុស្សដែលអង្គុយដោយសន្តិភាពនៅក្នុងផ្ទះរបស់ពួកគេ កំពុងតែកើនឡើងជាលំដាប់។

អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិរូបនេះ បានឲ្យដឹងទៀងថាការសម្របសម្រួលអន្តរជាតិ នឹងក្លាយជាគន្លឹះក្នុងការដាក់ ទណ្ឌកម្មយ៉ាងមានប្រសិទ្ធិភាព លើប្រទេសមីយ៉ាន់ម៉ា ហើយបានស្នើឱ្យប្រទេសផ្សេងទៀត កុំគាំទ្ររបបយោធាជារដ្ឋាភិបាលស្របច្បាប់។

ស្របពេលដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងរុស្ស៊ី មិនបានអនុវត្តតាមនោះទេ ដោយលើកហេតុផលថា រដ្ឋប្រហារ គឺជាផ្នែកមួយនៃកិច្ចការ ផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។

អតីតសមាជិកសភាសហរដ្ឋអាមេរិកលោក Andrews បានលើកឡើងថា“ ប្រជាជនមីយ៉ាន់ម៉ា មិនត្រឹមតែត្រូវការពាក្យគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពគាំទ្រផងដែរ។ ពួកគេត្រូវការជំនួយពី សហគមន៍អន្តរជាតិឥឡូវនេះ” ។

យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយបានបណ្តេញរដ្ឋាភិបាល ដែលបានបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី និងឃុំខ្លួនមន្ត្រីរដ្ឋាភិបាល ជាច្រើនរួមទាំងលោកស្រី ស៊ូជី ផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានអនុម័ត សេចក្តីថ្លែងការណ៍មួយរបស់ប្រធាន ដែលថ្កោលទោសការប្រើប្រាស់ អំពើហិង្សារបស់យោធាក្នុងការបង្ក្រាប ទៅលើប្រជាជនដែលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងបានជំរុញឲ្យយោធា មានការអត់ធ្មត់បំផុត ៕

ដោយ ឈូក បូរ៉ា

To Top