ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន៖ រដ្ឋាភិបាលយោធាមីយ៉ានម៉ា ហាក់កំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ

បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅមីយ៉ានម៉ា បាននិយាយប្រាប់ថា រដ្ឋាភិបាលយោធា ហាក់កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង៧០នាក់ ដោយកងកម្លាំងសន្តិសុខ បង្កើនការបង្រ្កាបលើបាតុករ។

សមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ បាននិយាយក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា មនុស្សជាង៧០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការបង្ក្រាប ដោយហិង្សាធ្វើឡើងដោយយោធា ទៅលើអ្នកតវ៉ាប្រឆាំង ការដណ្ដើមអំណាច ដោយរដ្ឋប្រហារ កាលពីដើមខែមុន។
សមាគមនេះបាននិយាយថា នៅល្ងាចថ្ងៃព្រហស្បតិ៍ មនុស្សតិចបំផុតចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុង ស្ថិតនៅកណ្ដាលប្រទេស។

យោធាបានបាញ់ប្រហារ ទៅលើក្រុមមនុស្ស ក្រោយប្រឈមមុខដាក់គ្នា ក្នុងខណៈព្យាយាមចាប់ខ្លួនយុវជនពីររូប ហើយជាលទ្ធផលបណ្ដាលឲ្យ មនុស្សចំនួន៦នាក់ស្លាប់ ចំណែកពីរនាក់ផ្សេងទៀត ដែលរងរបួស ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ៕ ប្រែសម្រួល៖ប៉ាង កុង

To Top