ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ពន្យារពេលដំណើរទស្សនកិច្ច ទៅសហភាពអារ៉ាប់រួម

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានសម្រេចចិត្តពន្យារពេល ចំពោះគម្រោងបំពេញទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួម UAE ដែលត្រូវធ្វើឡើងកាលពីព្រហស្បតិ៍។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានប្រកាសថា មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានការពន្យារពេលនេះ គឺដោយសារតែបញ្ហាតានតឹងបែបនយោបាយ ជាមួយនឹងប្រទេសហ្ស៊កដានី។ ហ្ស៊កដានី បានបដិសេធ មិនព្រមឲ្យមានការហោះហើរ នៅលើដែនអាកាសរបស់ខ្លួនឡើយ។

ការិយាល័យដដែល បានបញ្ជាក់ដែរថា ហ្ស៊កដានីបានដាក់បម្រាមការហោះហើរនេះ ទំនងដោយសារតែអ៊ីស្រាអ៊ែល ទើបតែបានប្រកាសលុបចោលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី ដើម្បីជួបជាមួយ នឹងព្រះអង្គម្ចាស់រាជទាយាទ Hussein bin Abdullah
កាលពីថ្ងៃពុធមុននេះមួយថ្ងៃ។

នៅថ្ងៃព្រហស្បតិ៍ដដែល បន្តិចក្រោយមកហ្ស៊កដានី បានប្រកាសអនុញ្ញាត ឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល អាចធ្វើដំណើរតាមអាកាស ពីលើដែនអាកាសរបស់ខ្លួនវិញ ប៉ុន្តែកាលវិភាគនេះ ត្រូវបានលើកពេលរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top