Covid-19

វិភាគ: WHO ព្យាយាមការពារវ៉ាក់សាំងបង្ការវីរុសCovid-19 របស់អង់គ្លេស ក្រោយមានរឿងអាស្រូវ

បច្ចុប្បន្នភាព

លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនានេះ អំពីវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានសហការស្រាវជ្រាវ និងផលិតឡើងជាមួយសកលវិទ្យាល័យ Oxford និងមានរឿងអាស្រូវក្នុងពេលថ្មីៗនេះ ។

 លោក Tarik Jasarevic បានប្រកាសថា អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក រកមិនឃើញរឿអាស្រូវពាក់ព័ន្ធ នឹងវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលថា មានកំណកឈាម នៅក្នុងសរសៃឈាមរបស់បុគ្គល ក្រោយពីបានចាក់វ៉ាក់សាំងនេះរួចហើយ ទៅតាមការចោទប្រកាន់ របស់ប្រទេសមួយចំនួន នោះទេ ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីដើមខែមីនានេះ អ្នកជំនាញ ផ្នែកឱសថក្នុងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានរកឃើញថា មនុស្សដែលបាន ចាក់វ៉ាក់សាំងនេះហើយ គឺមានកំណកឈាម នៅក្នុងសរសៃឈាម ដែលអាចធ្វើអោយ កកស្ទះលំហូរឈាម នៅក្នុងរាងកាយបុគ្គល ក្រោយពេលចាក់វ៉ាក់សាំង ។

ក្រោយពីបានទទួលព័ត៌មាន ដូចខាងលើនេះ ប្រទេសថៃ ន័រវ៉េ រ៉ូម៉ានី ដាណឺម៉ាក និងប្រទេស១០ផ្សេងទៀត នៅសហភាពអឺរ៉ុប បានប្រកាសផ្អាក ការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដោយសារបារម្ភពីហានិភ័យ ផ្នែកសុខភាពប្រជាពលរដ្ឋរបស់ខ្លួនក្រោយ ពីចាក់វ៉ាក់សាំងនេះ ។

លោក Tarik Jasarevic បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានហេតុផលណាមួយដែលត្រូវបារម្ ភពីផលប៉ះពាល់សុខភាព ក្រោយពីចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នោះទេ ហើយក៏គ្មានហេតុផលណាមួយ ដែលត្រូវផ្អាក ការចាក់វ៉ាក់សាំងនេះដែរ ពីព្រោះព័ត៌មាន ស្តីកំណកឈាមក្នុងសរសៃឈាម ក្រោយចាក់វ៉ាក់សាំង គឺជារឿងមិនពិត ។

របាយការណ៍ របស់ អង្គការសុខភាពពិភពលោក បានអោយដឹងថា គិតរហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ មនុស្សប្រមាណជាង២៦៨លាននាក់ នៅទូទាំងពិភពលោក បានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19រួចទៅហើយ ហើយមនុស្សទាំងនោះ នៅតែមានជីវិតនៅឡើយ ។

របាយការណ៍ដដែល បានបន្តថា មនុស្សទាំង ជាង២៦៨លាននាក់ នៅជុំវិញពិភពលោក ដែលបានទទួល វ៉ាក់សាំងបង្ការវីរុសCovid-19 មិនមានបញ្ហាសុខភាពទេ និងមិនមានព័ត៌មាន ពីការបាត់បង់ជីវិតនោះដែរ ដោយមានតែអាការខុសប្រក្រតី បន្តិចបន្តួចប៉ុណ្ណោះ ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ នៅលើពិភពលោក ដែលផលិតបានវ៉ាក់បង្ការវីរុស​ Covid-19 និងបានចែកចាយ វ៉ាក់សាំងរបស់ខ្លួននៅជុំវិញពិភពលោក ដោយត្រូវបានលក់ក្នុង តម្លៃខុសៗគ្នា តែមានគុណភាពដូចគ្នា ។

ក្នុងចំណោម ក្រុមហ៊ុនទាំង៧ ដែលមានផលិតផល វ៉ាក់សាំងបង្ការវីរុស Covid-19នោះ គឺមានក្រុមហ៊ុន AstraZeneca, Pfizer, Moderna, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac ។

សហរដ្ឋអាមេរិក មានក្រុមហ៊ុន៣ គឺ Pfizer, Moderna និងJohnson & Johnson ចក្រភពអង់គ្លេសមាន១ គឺក្រុមហ៊ុន AstraZeneca ប្រទេសរុស្ស៊ីមាន១ គឺក្រុមហ៊ុន Sputnik V និងប្រទេសចិនមាន២ក្រុមហ៊ុន គឺក្រុមហ៊ុន Sinopharm និង Sinovac ។

ចំពោះតម្លៃវ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនទាំង៧នេះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna មានតម្លៃខ្ពស់ជាងគេ រហូតដល់ចន្លោះពី២៥ទៅ៣៧ដុល្លារក្នុង១ដូស ហើយមនុស្សម្នាក់ត្រូវចាក់២ដូសទើបរួចរាល់ ។

បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានតម្លៃថ្លៃជាងគេ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានតម្លៃចន្លោះពី ១៨ទៅ១៩ដុល្លារ ក្នុង១ដូស ហើយមនុស្សម្នាក់ ត្រូវចាក់២ដូសដូចគ្នា ។

ដោយឡែកសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac គឺមានតម្លៃប្រហាក់ប្រហែលគ្នាក្នុងចន្លោះពី៨ទៅ១២ដុល្លារអាមេរិកក្នុង១ដូស និងមនុស្សម្នាក់ ត្រូវចាក់២ដូស ដូចគ្នា លើកលែងតែវ៉ាក់សាំង របស់ក្រុមហ៊ុន Johnson & Johnson ត្រូវចាក់តែ១ដូសទេ ក្នុងមនុស្សម្នាក់ ។

ចំពោះការថែទាំវិញ វ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុន AstraZeneca, Johnson & Johnson, Sputnik V, Sinopharm និង Sinovac គឺត្រូវថែទាំក្នុងទឹកកក ធម្មតាក្នុងសីតុណ្ហភាពក្នុងរង្វង់ ពី២ទៅ៨អង្សាសេ បាន ។

ប៉ុន្តែសម្រាប់វ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនហ៊ុន Moderna និង Pfizer វិញ គឺត្រូវថែទាំ នៅក្នុងសីតុណ្ហភាព ត្រជាក់ខ្លាំងរហូតដល់៧០អង្សាសេក្រោមសូន្យ (ដក៧០អង្សាសេ) ដែលជាការលំបាកបំផុតក្នុងការថែទាំ និងមានតម្លៃថ្លៃជាងគេ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ អង្គការសុខភាពពិភពលោក (WHO) ព្យាយាមការពារវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca គឺដោយសារវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ មានតម្លៃថោក ស្រួលថែទាំ និងជាផ្នែកមួយក្នុងយន្តការ Covax ។

Covax គឺជាយន្តការ ចែកចាយវ៉ាក់សាំង បង្ការវីរុសCovid-19នៅជុំវិញពិភពលោក ដោយស្មើភាព និងមានតម្លាភាព ដែលមានប្រទេសជាង១០០ប្រទេស ជាសមាជិក និងស្ថិតក្រោមការដឹកនាំ ដោយអង្គការសុខភាពពិភពលោក ។

លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានបង្ហើបថា ក្រុមហ៊ុនអង់គ្លេស AstraZeneca គឺជាខ្នងបង្អែកយ៉ាងសំខាន់របស់យន្តការ Covax ដែលបានសន្យាផ្តល់វ៉ាក់សាំងដល់អង្គការសុខភាពពិភពលោក ។

តាមគម្រោង អង្គការសុខភាពពិភពលោក នឹងផ្តល់វ៉ាក់សាំងបង្ការវីរុសCovid-19ដល់ប្រទេសចំនួន១៤២ប្រទេសនៅក្នុងឆមាសទី១នៃឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនអង់គ្លេស AstraZeneca គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំង ។

អ្នកនាំពាក្យរូបនេះ បានបន្តថា មនុស្សប្រមាណជាង៣៤៧លាននាក់នៅក្នុងប្រទេសទាំង១៤២នោះ នឹងបានទទួលវ៉ាក់សាំងបង្ការវីរុសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងក្នុងឆមាសទី១នៃឆ្នាំ២០២១នេះ ។

មូលហេតុនេះហើយ ទើបអង្គការសុខភាពសកលមួយនេះ បានខិតខំការពារវ៉ាក់សាំងបង្ការវីរុសCovid-19 របស់ក្រុមហ៊ុន AstraZeneca ខណៈដែលមានរឿងអាស្រូវកើតឡើង ដែលថា មានកំណកឈាម ក្នុងសរសៃឈាម ក្រោយចាក់វ៉ាក់សាំងនេះរួចមក ៕

ដោយ៖ អ៊ី ជិន

To Top