ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។
ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤ នេះបានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ឺរ៉ុប ជាច្រើនរួមទាំងប្រទេសន័រវេស បញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ក្រសួងសុខាភិបាលប្រទេសជប៉ុន បច្ចុប្បន្ននេះកំពុងពិនិត្យមើលការដាក់ ពាក្យសុំរបស់ក្រុមហ៊ុនផលិតឱសថ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង ការពារមេរោគឆ្លងនៅក្នុងប្រទេសរបស់ខ្លួន។
អង្គការសុខភាពពិភពលោក និងសហគមន៍អ៊ឺរ៉ុបបានឲ្យដឹងថា ពួកគេមិនទាន់រកឃើញថា មានការផ្សារភ្ជាប់គ្នារវាងការចាក់វ៉ាក់សាំង AstraZeneca និងបញ្ហាសុខភាព ដែលបានរាយការណ៍នៅឡើយទេ។
ក្រុមហ៊ុន AstraZeneca ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យផងដែរ ដោយអះអាងថាមិនមានភស្តុតាងណាមួយ ដែលថាវ៉ាក់សាំងរបស់ខ្លួនអាច បង្កឱ្យមានការកកឈាមបាននោះទេ ហើយគ្មានបញ្ហាណា ដែលត្រូវបានរកឃើញ ជាមួយនឹងដូសណាមួយ ដែលត្រូវបានចែកចាយនៅអឺរ៉ុប ឬកន្លែងផ្សេងទៀតនៅលើពិភពលោកនោះទេ។
ក្រុមហ៊ុនបានឲ្យដឹងថា “ក្រុមហ៊ុនកំពុងតែរក្សាបញ្ហានេះ ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ ប៉ុន្តែមានភ័ស្តុតាង ដែលមានស្រាប់មិនបានបញ្ជាក់ថា វ៉ាក់សាំង គឺជាបុព្វហេតុនោះទេ” ដើម្បីជៀសផុតពីជំងឺរាតត្បាត វាជាការសំខាន់ដែលមនុស្សត្រូវ ចាក់វ៉ាក់សាំងនៅពេលត្រូវបាន គេអញ្ជើញឱ្យចូលរួម។
យោងតាមអាជ្ញាធរសុខាភិបាលន័រវេស បានឲ្យដឹងថាមនុស្ស ៣ នាក់ ដែលជាបុគ្គលិកពេទ្យទាំងអស់ ដែលមានអាយុក្រោម ៥០ឆ្នាំ ត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទទួលរងនូវការកកឈាម ឬការហូរឈាមក្នុងខួរក្បាល ៕
ដោយ ឈូក បូរ៉ា