ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិ កូរ៉េខាងត្បូង-អាមេរិក គូសបញ្ជាក់ថា កូរ៉េខាងជើង ត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេស Antony Blinken នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង ដោយផ្ទាល់នូវគោលដៅរួមគ្នា ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ដែលបង្ហាញពីសារៈសំខាន់ នៃការថែរក្សាសម្ព័ន្ធមិត្តដែកថែប ដែលប្រទេសទាំងពីរចែករំលែក គ្នាទៅវិញទៅមក។

លោក Lloyd Austin និងលោក Antony Blinken បានមកដល់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃម្សិលមិញនេះ ដោយចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់សម្ព័ន្ធមិត្តដ៏សំខាន់របស់ ប្រទេសរបស់ពួកគេនៅក្នុងតំបន់អាស៊ីភាគឦសាន។ ដោយអ្នកទាំងពីរ ម្នាក់ៗបានជួបពិភាក្សាដោយផ្ទាល់ ជាមួយរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូងលោក Suh Wook និងរដ្ឋមន្ត្រីការបរទេសលោក Chung Eui Yong ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ ពីកិច្ចពិភាក្សាបានបញ្ចប់ថា “រដ្ឋមន្រ្តី Suh Wook និងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានធានាឡើងវិញនូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង និងការដោះស្រាយសន្តិភាពជា អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ” ។

សេចក្តីថ្លែងការណ៍ក៏បានបង្ហាញផងដែរថា រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នា លើសារៈសំខាន់នៃបទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ដោយ សង្កត់ធ្ងន់លើតម្រូវការនៃកិច្ចសហប្រតិបត្តិការ សន្តិសុខក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

ក្រសួងបានឲ្យដឹងទៀងថា“ រដ្ឋមន្រ្តីទាំងពីរក៏បានចែករំលែកនូវគំនិតគ្នាថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គឺមានសារៈសំខាន់ក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងបង្កើតប្រព័ន្ធការពារអាស៊ីភាគឦសាន” ។

ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីកិច្ចពិភាក្សារបស់លោក Blinken និងលោក Chung ដោយថាអ្នកទាំងពីរបានបញ្ជាក់ជាថ្មី នូវសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេសទាំងពីរ ជាខ្សែភ្ជាប់ទៅកាន់សន្តិភាពសន្តិសុខ និងវិបុលភាព សម្រាប់តំបន់អាស៊ីឦសាន តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top