ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក សរសេរលិខិតសុំទោស ផ្ញើទៅស្ថានទូតរុស្ស៊ី ជុំវិញការលើកឡើងរបស់លោក ចូ បៃដិន ទៅលើលោក ពូទីន

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលលិខិតជាច្រើនពីពលរដ្ឋអាមេរិក ដែលបានសុំទោស ចំពោះការលើកឡើង របស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ នៅក្នុងបទសម្ភាសន៍ រវាងលោក ចូ បៃដិន ជាមួយ ABC News លោក បៃដិន បាននិយាយថា លោកពូទីន ប្រធានាធិបតីរុស្ស៊ី នឹងត្រូវ “បង់ថ្លៃ” ចំពោះការចោទប្រកាន់ អំពីការជ្រៀតជ្រែក នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ។ មេដឹកនាំអាមេរិករូបនេះ ក៏ត្រូវបានគេសួរផងដែរថា តើលោកចាត់ទុក ប្រធានាធិបតីរុស្ស៊ីជាឃាតក ឬទេ ហើយលោកក៏បានឆ្លើយយល់ព្រម។

កាលពីថ្ងៃព្រហស្បតិ៍លោកពូទីន បានអញ្ជើញប្រធានាធិបតីអាមេរិក ឱ្យធ្វើកិច្ចពិភាក្សាផ្ទាល់នៅថ្ងៃសុក្រ ឬថ្ងៃច័ន្ទខាងមុខនេះ ប៉ុន្តែសេតវិមានបានឆ្លើយតបដោយនិយាយថា ប្រធានាធិបតីបាននិយាយរួចហើយ ក្នុងពេលកន្លងមក។ អត្ថាធិប្បាយលើការកត់សម្គាល់ របស់លោក ចូ បៃដិន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា “វាត្រូវការមនុស្សម្នាក់ ដើម្បីស្គាល់មនុស្សម្នាក់ទៀត” ហើយបានជូនពរ ដល់សមភាគីអាមេរិកឱ្យមាន “សុខភាពល្អ” ទៀតផង ។

លោក Antonov បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយត្រូវបានដកស្រង់ ដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពលរដ្ឋអាមេរិក ដែលបានផ្ញើលិខិតទៅស្ថានទូត ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាព រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។

មនុស្សជាច្រើន បានសម្តែងការមិនយល់ស្រប និងបានសុំទោសចំពោះសេចក្តីថ្លែង ដែលមិនសមហេតុផល ទៅលើសហព័ន្ធរុស្ស៊ី ដែលបានធ្វើឡើង ពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top