ព័ត៌មានអន្តរជាតិ

អាមេរិក ខ្នះខ្នែងពង្រឹង ចំណងមិត្តភាព សន្តិសុខ ជាមួយឥណ្ឌា

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមភាគីឥណ្ឌា នៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក ចង់បង្កើននិងពង្រឹង ចំណងមិត្តភាពសន្តិសុខ ជាមួយប្រទេសឥណ្ឌា ជាពិសេសនោះ ក្នុងការចែករំលែកព័ត៌មានគ្នា និងការដឹកជញ្ជូន ។

លោក Lloyd Austin តាមសេចក្តីរាយការណ៍ កំពុងតែធ្វើ ទស្សនកិច្ចដំបូង នៅក្នុងប្រទេសឥណ្ឌា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ របស់រដ្ឋបាល លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ជាផ្នែក នៃកិច្ចប្រឹងប្រែង កសាងសម្ពន្ធភាព ជាមួយប្រទេសនានា ដែលស្វះស្វែងទប់ទល់ នឹងការអះអាង របស់ចិន នៅក្នុងតំបន់។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន ដែលប្រទេសទាំងនេះរួមគ្នា ត្រូវបានហៅថា ក្រុមប្រទេសទាំង៤នោះ កាលពីសប្ដាហ៍មុន បានប្រារព្ធធ្វើជំនួបកំពូលដំបូង របស់ខ្លួន ប្តេជ្ញាធ្វើការងាររួមគ្នា សម្រាប់សេរីភាពនិងភាពបើកចំហ នៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក និងធ្វើសហប្រតិបត្តិការ លើសន្តិសុខដែនសមុទ្រ និងអ៊ីនធឺណេត ក្នុងចំពោះមុខ នៃការប្រជែងរបស់ចិន ។

ក្រោយជួបគ្នាជាមួយលោក Rajnath Singh ជារដ្ឋមន្ត្រីការពារជាតិឥណ្ឌានោះ លោក Lloyd Austin បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ជាពិសេសនោះ ប្រទេសឥណ្ឌា គឺជាដៃគូដ៏សំខាន់មួយ នៅក្នុងចំណោមសក្តានុពលអន្តរជាតិ ដែលកំពុងផ្លាស់ប្តូរខ្លាំង នាពេលបច្ចុប្បន្ន” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top