បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីពីវិធីដោះស្រាយបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន គឺជាឃាតករ។
ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងហៅត្រឡប់មកវិញ នូវឯកអគ្គរដ្ឋទូតរបស់ខ្លួន គឺលោក Anatoly Antonov ដើម្បីធ្វើការពិភាក្សាបន្ទាន់ ក្រោយលោក បៃដិន នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន ABC ថា លោកគិតថា លោកប្រធានាធិបតី ពូទីន គឺជាឃាតករ ដែលនឹងបង់តម្លៃសម្រាប់ការ ជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោតអាមេរិក ហើយនេះជាការចោទប្រកាន់មួយ ដែលទីក្រុងមូស្គបានបដិសេធ។
នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់សហរដ្ឋអាមេរិក ស្ថានទូតរុស្ស៊ីបានបង្ហោះរូបភាពលោក Antonov នៅព្រឹកថ្ងៃអាទិត្យនេះ និងនិយាយថា “ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Antonov កំពុងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពី កែតម្រូវចំណងមិត្តភាពអាមេរិកនិងរុស្ស៊ី” ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរ ធ្លាប់បាននិយាយថា ខ្លួននឹងរក្សាសហប្រតិបត្តិការ ត្រឹមតែនៅពេលដែលវាស្ថិតនៅ ក្នុងផលប្រយោជន៍ជាតិ របស់ពួកគេតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ប៉ាង កុង