ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មថ្មីលើ យោធាមីយ៉ានម៉ា ជុំវិញរឿងរដ្ឋប្រហារ

បរទេស៖សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មថ្មីលើថ្នាក់ដឹកនាំយោធាមីយ៉ានម៉ា ជុំវិញការធ្វើរដ្ឋប្រហារខែកុម្ភៈ និងការកើនឡើងនូវអំពើហិង្សាជាបន្តបន្ទាប់ធ្វើទៅលើក្រុមបាតុករ។

សហភាពអឺរ៉ុបបានប្រកាស នូវទណ្ឌកម្ម ដោយផ្តោតគោលដៅ លើមនុស្សចំនួន១១នាក់ ដោយ១០នាក់គឺស្ថិតនៅក្នុង ចំណោមមន្ត្រីយោធាជាន់ខ្ពស់ខ្ពស់បំផុតរបស់មីយ៉ានម៉ា ដែលរួមមានទាំងអគ្គមេបញ្ជាការ លោក Min Aung Hlaing ផងដែរ។ ចំណែកមនុស្សទី១១ គឺជាប្រធានគណកម្មការរៀបចំ ការបោះឆ្នោត ដែលធ្វើតួនាទីលុបចោល លទ្ធផលការបោះឆ្នោតរដ្ឋសភាមីយ៉ានម៉ាឆ្នាំ២០២០។

ភាគីច្រើនអ្នកដែលទទួលរងទណ្ឌកម្មទាំងនោះ គឺបានដាក់ទណ្ឌកម្មរួចហើយដោយអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ដែលកាលពីថ្ងៃចន្ទ ក៏បានចុះបញ្ជីខ្មៅមេប៉ូលិសមីយ៉ានម៉ា លោក Than Hlaing និងមេបញ្ជាការនៃការិយាល័យប្រតិបត្តិការពិសេស លោកឧត្តមសេនីយ៍ Aung Soe។

ក្រៅពីនោះសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មអង្គភាពកងទ័ព គឺកងពលថ្មើរជើងលេខ៣៣ និង៧៧ ពីបទចូលរួមក្នុងសកម្មភាព ដែលធ្វើការរារាំង ទប់ស្កាត់ និងដាក់ទោសចំពោះសេរីភាពបញ្ចេញមតិ ឬក៏ការជួបជុំរបស់ក្រុមបាតុករ៕ប្រែសម្រួល៖ប៉ាង កុង

To Top