Covid-19

ឥណ្ឌា ផ្អាកបណ្តោះអាសន្ន ការនាំចេញវ៉ាក់សាំង AstraZeneca ក្រោយពីរំពឹងថា នឹងមានករណីឆ្លងក្នុងស្រុកកើនឡើង

ប្រភពពីក្រសួងការបរទេសបានប្រាប់ BBC ថា ប្រទេសឥណ្ឌាបានដាក់បំរាម ជាបណ្តោះអាសន្នទៅលើ រាល់ការនាំចេញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ។ ពួកគេបាននិយាយថា ករណីដែលកើនឡើងនៃការឆ្លងវីរុសមានន័យថា ជាតម្រូវការចាំបាច់ក្នុងស្រុក ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយដូច្នេះដូស គឺចាំបាច់សម្រាប់ប្រទេសឥណ្ឌាផ្ទាល់។

បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការហាមប្រាមការនាំចេញនេះ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់រហូតដល់ចុងខែមេសា ជាងនេះទៅទៀត ប្រទេសចំនួន ១៩០ ដែលស្ថិតក្រោមយន្តការ Covax ទំនងជារងផលប៉ះពាល់ផងដែរ។

គ្រោងការណ៍ដែលដឹកនាំ ដោយអង្គការសុខភាពពិភពលោក មានគោលបំណងធានាថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានចែកចាយដោយស្មើភាពគ្នា ក្នុងចំណោមប្រជាជាតិទាំងអស់។ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេ របស់ឥណ្ឌាគឺវិទ្យាស្ថានសេរ៉ូម បានពន្យាពេលការដឹកជញ្ចូនថ្នាំ AstraZeneca ទៅប្រទេសជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងចក្រភពអង់គ្លេស និងប្រេស៊ីល។

សូមជម្រាបថា រហូតមកដល់ពេលនេះប្រទេសឥណ្ឌា បាននាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជាង ៦០ លានដូស ទៅកាន់ ៧៦ ប្រទេសហើយភាគច្រើននៃថ្នាំទាំងនេះគឺជាថ្នាំ AstraZeneca ៕

ប្រែសម្រួលៈ ណៃ តុលា

To Top