ព័ត៌មានអន្តរជាតិ

លោក Boris Johnson ព្រមានសហភាពអឺរ៉ុប កុំឲ្យហាមឃាត់ការនាំវ៉ាក់ សាំង បង្ការជំងឺកូវីដ១៩ ទៅចក្រភពអង់គ្លេស

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រាប់សហភាពអឺរ៉ុបថា អឺរ៉ុប នឹងក្លាយជាអ្នកចាញ់ ប្រសិនបើអឺរ៉ុប ដាក់ការហាមឃាត់ការនាំចេញ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើចក្រភពអង់គ្លេស ខណៈដែលទីក្រុងព្រុចសែល បានផ្តល់សិទ្ធិអំណាចដល់មន្រ្តី ដើម្បីហាមឃាត់ ការនាំចេញវ៉ាក់សាំង ទៅប្រទេសដែលមានកំណត់ ត្រាល្អប្រសើរក្នុងការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ពួកគេ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ចក្រភពអង់គ្លេសត្រូវបានមន្ត្រីសហភាពអឺរ៉ុប ចាត់ទុកពីបទបរាជ័យ ក្នុងការនាំចេញនូវដូសណាមួយ ទៅប្លុក ខណៈគណៈកម្មការអឺរ៉ុប បានណែនាំការគ្រប់គ្រង ការនាំចេញថ្មីៗ ដែលអាចនាំឱ្យមានការហាម ឃាត់ការនាំចេញទៅអង់គ្លេស ។

លោកនាយករដ្ឋមន្រ្តី Boris Johnson បានប្រាប់គណៈកម្មាធិការទំនាក់ទំនង របស់សភា បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់សហភាពអឺរ៉ុបថា “ ខ្ញុំមិនគិតថា ការរាំងខ្ទប់ទាំងថ្នាំ វ៉ាក់សាំង ឬគ្រឿងផ្សំសម្រាប់ចាក់ វ៉ាក់សាំង គឺសមហេតុផលនោះទេ ហើយខ្ញុំគិតថា ការខូចខាតរយៈពេលវែង ដែលធ្វើដោយការរាំងស្ទះ អាចធំធេងណាស់” ។

នៅពេលសួរដោយផ្ទាល់ថា តើលោកនឹងបដិសេធនឹងចាត់វិធានការ សងសឹកនោះទេ ប្រសិនបើមានការរារាំង ការនាំចេញនេះ លោក Boris Johnson បាននិយាយថា“ អាទិភាពរបស់យើង គឺត្រូវបន្តចាក់ វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំង ប្រជាជនអង់គ្លេស ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលចាំបាច់ដើម្បីធានាថា វានឹងកើតឡើង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top