Covid-19

AstraZeneca បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ក្នុងការសាកល្បង ចំពេលមានការព្រួយបារម្ភ អំពីទិន្នន័យនៅអាមេរិក

វ៉ាស៊ីមតោន៖ ក្រុមហ៊ុន AstraZeneca Plc បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយ ក្នុងការការពារជំងឺរោគសញ្ញា ក្នុងការសាកល្បងគ្លីនិក ដោយបន្ថយអត្រានេះបន្តិច បន្ទាប់ពីប្រឈមមុខនឹងសំណួរ នៅសហរដ្ឋអាមេរិក លើទិន្នន័យរបស់ខ្លួន។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ការវិភាគបណ្តោះអាសន្ននៃការជំនុំជម្រះ ដែលបានធ្វើឡើង នៅសហរដ្ឋអាមេរិក ប៉េរូ និងឈីលី បានបង្ហាញកាលពីថ្ងៃចន្ទកន្លងទៅនេះថា ប្រសិទ្ធភាពនៃវ៉ាក់សាំង Astrazeneca គឺមាន ៧៩ ភាគរយ។

ប៉ុន្តែវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងសហរដ្ឋអាមេរិក បានឲ្យដឹងនៅមួយថ្ងៃក្រោយមកថា ក្រុមហ៊ុនអង់គ្លេស ប្រហែលជាបានបញ្ចូលព័ត៌មាន “ហួសសម័យ” ពីការសាកល្បងនៅពេលរាយការណ៍ អំពីលទ្ធផល ដែលអាចផ្តល់នូវទស្សនៈ មិនពេញលេញនៃទិន្នន័យប្រសិទ្ធភាព។

ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា ការវិភាគបឋម ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ គឺផ្អែកលើករណីរោគសញ្ញាចំនួន ១៩០ករណីនៃជំងឺកូវីដ- ១៩ ដែលជាជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណា ក្នុងចំណោមអ្នកចូលរួមជាង ៣២,៤០០ នាក់។ ការវិភាគបណ្តោះអាសន្ន គឺផ្អែកលើ ១៤១ ករណីរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។

ក្រុមហ៊ុនបានឲ្យដឹងទៀងថា ប្រសិទ្ធភាពវ៉ាក់សាំងគឺ ៨៥ ភាគរយចំពោះមនុស្សពេញវ័យមនុស្ស ដែលមានអាយុលើសពី ៦៥ ឆ្នាំក្នុងការវិភាគ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ហើយគ្មានការព្រួយបារម្ភ អំពីសុវត្ថិភាពទាក់ទងនឹងវ៉ាក់សាំងនោះទេ។

ក្រុមហ៊ុន AstraZeneca បានអះអាងថា“ ការវិភាគបឋម គឺស្របទៅនឹងការវិភាគបណ្តោះអាសន្ន ដែលបានចេញផ្សាយពីមុន ហើយបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់ ចំពោះមនុស្សពេញវ័យរាប់បញ្ចូល ទាំងអ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ”៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top