ព័ត៌មានអន្តរជាតិ

វិភាគ៖ តើពលរដ្ឋមីយ៉ានម៉ា គួរជ្រើសរើសយកសង្គ្រាម ឬយករបបសឹក?


បច្ចុប្បន្នភាព

ទីភ្នាក់ងារព័ត៌មាន រដ្ឋរបស់ប្រទេសទួរគី Anadolu Agency បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះថា បច្ចុប្បន្នភាពនយោបាយ នៅសហភាពមីយ៉ានម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅ ពិបាកនឹងស្រោចស្រង់បាន ខណៈដែលក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ហើយកងកម្លាំងយោធានៅតែបន្តបង្ក្រាប ។

គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែមីនានេះ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ជាង៤០០នាក់ហើយ ក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល ។

Anadolu Agency បានចុះផ្សាយថា កាលពីថ្ងៃសៅរ៍ ខែឆ្នាំដដែលនេះ គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុត ក្នុងក្បួនបាតុកម្មនៅមីយ៉ានម៉ា គឺមានមនុស្សស្លាប់រហូតដល់១៤១នាក់ បន្ទាប់ពីកងកម្លាំងយោធាបានបាញ់ប្រហារទាំងកម្រោលទៅលើហ្វូងបាតុករ ដែលកំពុងធ្វើបាតុកម្មនៅទីក្រុងសំខាន់ៗរបស់ប្រទេសនេះ មានទីក្រុងយ៉ាងហ្គោនជាដើម ។

មូលហេតុដែលនាំអោយថ្ងៃសៅរ៍ ជាថ្ងៃមានមនុស្សស្លាប់ច្រើនជាងគេបំផុត នៅមីយ៉ានម៉ា ដោយសារថ្ងៃនោះ គឺជាទិវាកងទ័ពលើកទី៧៦ឆ្នាំ ដែលរបបសឹកបានរៀបចំពិធីប្រារព្ធយ៉ាងអធិកអធម និងមានការចូលរួមពីតំណាង មកពីប្រទេសចំនួន៨ប្រទេស មានទាំងតំណាងមកពីប្រទេសថៃ និងប្រទេសផ្សេងតៀត រួមទាំងមានទាំងក្បួនព្យូហយាត្រាយោធាផងដែរ។

ប៉ុន្មានថ្ងៃមុនពេលទិវាកងទ័ពលើកទី៧៦ឆ្នាំចូលមកដល់ កងកម្លាំងយោធា បានព្រមានរួចហើយដល់ក្រុមបាតុករ កុំអោយចេញធ្វើបាតុកម្មរំខានដល់ការប្រារព្ធទិវានេះ ប៉ុន្តែក្រុមបាតុករមិនស្តាប់ការព្រមាននេះទេ និងបានចេញធ្វើបាតុកម្មយ៉ាង គគ្រឹកគគ្រេងនៅទូទាំងប្រទេស ដែលនាំអោយកងកម្លាំងយោធាបង្ក្រាបយ៉ាងចាស់ដៃ និងបណ្តាលអោយក្រុមបាតុករប្រមាណជាង១៤០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលតែ១ថ្ងៃ ។

សូមរំលឹកជូនថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីរដ្ឋប្រហារ អ្នកនាំពាក្យកងកម្លាំងយោធា លោក ហ្ស មីន ទុន (Zaw Min Tun) បានប្រកាសដាក់ប្រទេសនេះក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ ហើយការបោះឆ្នោត របស់គណបក្សនយោបាយដើម្បីបង្កើតរដ្ឋាភិបាលស៊ីវិល នឹងត្រូវធ្វើឡើងក្រោយពេល ដែលការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ។

លោក ហ្ស មីន ទុន បានទាញហេតុផលថា មូលហេតុដែលកងកម្លាំង យោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល គឺដោយសារការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ គឺជាការបោះឆ្នោត ដែលមានការលួចបន្លំ មិនយុត្តិធម៌ និងមិនប្រក្រតី ហើយគណៈកម្មការរៀបចំការបោះឆ្នោតមិនបានបង្ហាញ បញ្ជីរឈ្មោះត្រឹមត្រូវទេ ។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះក្នុងសម្លេងគាំទ្រសរុបនៅទូទាំងប្រទេស៨៥% ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្នុងអាណត្តិទី២ ដែលជាលទ្ធផលឆ្នោតឈ្នះដាច់ ដែលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី អាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ។

ហេតុផលមួយទៀត ដែលនាំអោយកងកម្លាំងយោធាធ្វើរដ្ឋប្រហារ គឺដោយសារជនជាតិភាគតិចមួយចំនួន មានគម្រោងបង្កើតចលនាប្រដាប់អាវុធ និងវាយប្រហារផ្តាច់ទឹកដី ដែលនឹងរុញច្រានប្រទេសនេះអោយធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលសាជាថ្មីនៅពេលខាងមុខ ប្រសិនបើកងកម្លាំងយោធាមិនមានអំណាចគ្រប់គ្រាន់ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ជូនថា សហភាពមីយ៉ានម៉ា មានក្រុមជនជាតិភាគតិចប្រមាណជាង១០០ ជនជាតិភាគតិច ដែលជនជាតិភាគតិចខ្លះ ដូចជាការ៉ែន កាជីន និងជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាជាដើម មានចលនាប្រដាប់អាវុធរួចហើយ ហើយក្រុមជនជាតិភាគតិចទាំងនេះ រង់ចាំតែឱកាសក្នុងការវាយប្រហារលើកងកម្លាំងយោធាដើម្បីផ្តាច់ទឹកដី ។

ប្រមុខដឹកនាំកងកម្លាំងយោធា បានបញ្ជាក់ច្រើនលើកច្រើនសាហើយថា ប្រសិនបើបណ្តោយអោយរដ្ឋាភិបាលស៊ីវិលមានអំណាចខ្លាំង ជនជាតិភាគតិចខាងលើ នឹងមានឱកាសកាន់តែច្រើនក្នុងការវាយប្រហារផ្តាច់ទឹកដី ។

ដើមចមនាំអោយកើតរឿង
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា ដើមចមដែលនាំអោយកងកម្លាំងប្រដាប់អាវុធសម្លាប់ក្រុមបាតុកររហូតដល់១៤១នាក់ក្នុង១ថ្ងៃ កាលពីថ្ងៃសៅរ៍ នៅសហភាពមីយ៉ានម៉ា គឺដោយសារថ្ងៃសៅរ៍នោះ គឺជាទិវាកងទ័ពខួបលើកទី៧៦ឆ្នាំ ។

មុនពេលទិវានេះចូលមកដល់ កងទ័ពបានព្រមានរួចហើយថា ខ្លួននឹងមិនអត់អោនអោយក្រុមបាតុករទេ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដែលរំខានដល់ទិវាជាតិកងទ័ព ដែលមានទាំងតំណាងមកពីប្រទេសចំនួន៨ចូលរួមផងនោះ ។ប៉ុន្តែដល់ថ្ងៃប្រារព្ធពិធីចូលមកដល់ ក្រុមបាតុករបានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសដោយមិនញញើតចំពោះការព្រមានរបស់កងទ័ពទេ ដែលនេះជាដើមចមសំខាន់ ដែលនាំអោយកងកម្លាំងយោធាបាញ់សម្លាប់ក្រុមបាតុករមិនប្រណី ។

ម្យ៉ាងទៀត ចំពោះដើមចមដែលនាំអោយកងកម្លាំងយោធាមីយ៉ានម៉ា ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល គឺដោយសារកងទ័ពមើលឃើញថា ប្រទេសនេះនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅពេលខាងមុខ ដោយសារក្រុមជនជាតិភាគតិចផ្តាច់ទឹកដី ។

ការធ្វើរដ្ឋប្រហារ គឺកងកម្លាំងយោធាមានគោលដៅប្រមូលកម្លាំងប្រយុទ្ធប្រឆាំងនឹងចលនាផ្តាច់ទឹកដីរបស់ជនជាតិភាគតិច ការ៉ែន កាជីន និងជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ដែលជាចលនាប្រដាប់អាវុធក្នុងបំណងប្រយុទ្ធជាមួយកងកម្លាំងយោធា ។

សរុបសេចក្តីមក ប្រសិនបើប្រជាពលរដ្ឋមីយ៉ានម៉ា មិនទទួលយកកងកម្លាំងយោធារបស់ខ្លួនទេ ប្រជាពលរដ្ឋក៏នឹងទទួលយកសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះដែរនៅពេលខាងមុខ ដោយសារក្រុមជនជាតិភាគតិច ។

តើប្រជាពលរដ្ឋមីយ៉ានម៉ា គួរទទួលយកកងកម្លាំងយោធារបស់ខ្លួន ឬត្រូវទទួលយកសង្គ្រាមស៊ីវិលរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមជនជាតិភាគតិច ?

ប្រែសម្រួលដោយ អ៊ី ជិន

To Top