Covid-19

Sinopharm ចាប់ផ្តើមដំណើរការរោងចក្រមួយ នៅទីក្រុង Abu Dhabi

បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។

គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង របស់ប្រទេសចិនដើម្បីបង្កើនទំនាក់ទំនង ការទូតជាមួយនឹងប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គោហ្វ និងក៏ដូចជាដើម្បីជួយ ឲ្យសហភាពអារ៉ាប់ សម្រេចបាននូវផែនការធ្វើបដិវត្តសេដ្ឋកិច្ចរបស់ខ្លួន និងឈប់ពឹងផ្អែកទាំងស្រុងតែទៅលើ ផលិតកម្មដែលចេញពី ថាមពលឧស្ម័នអ៊ីដ្រូកាបូន នាពេលអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃចន្ទនេះដែរក៏បានបញ្ជាក់ទៀតថា រោងចក្រនេះត្រូវបានសាងសង់ឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Khalifa Industrial Zone of Abu Dhabi (KIZAD) ហើយនឹងអាចមានសមត្ថភាព ក្នុងការផលិតបានវ៉ាក់សាំងរហូតទៅដល់ ២០០លានដូសក្នុងមួយឆ្នាំ។

កិច្ចព្រមព្រៀងរវាងគ្នានេះ ត្រូវបានគេដឹងថា ទើបតែត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយសហភាពអារ៉ាប់ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi ដែលកំពុងបំពេញទស្សនកិច្ច
នៅទីនោះរយៈពេល ២ថ្ងៃដែលបានបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top