ព័ត៌មានអន្តរជាតិ

វិភាគ ៖ កងទ័ពជនជាតិ ភាគតិច៣ ក្រុមនៅមីយ៉ានម៉ា គ្រោងនឹងប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំងរបបសឹក

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ THE DIPLOMAT បានចុះផ្សាយថា ជនជាតិភាគតិច៣ក្រុម នៅសហភាពមីយ៉ានម៉ា ដែលមានកងទ័ពរក្សាសន្តិសុខ ក្នុងតំបន់របស់ខ្លួន គ្រោងនឹងប្រកាស រួបរួមគ្នាប្រយុទ្ធប្រឆាំង ជាមួយកងកម្លាំងរបបសឹក ដោយសហការជាមួយក្រុមបាតុករ ។

ប្រភពដដែលបានបន្តថា គម្រោងប្រកាសរួមគ្នា របស់ក្រុមជនជាតិភាគតិចនេះ គឺជាសញ្ញារុញច្រានប្រទេសនេះ អោយធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដោយភាគីជម្លោះទាំង២ ទាំងខាងរបបសឹក និងទាំងក្រុមគាំទ្រប្រជាធិបតេយ្យ មានកងកម្លាំងប្រដាប់អាវុធដូចគ្នា ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែមេសានេះ ជនជាតិភាគតិច ទាំង៣ក្រុមនៅមីយ៉ានម៉ា នៅមិនទាន់ឈាន ដល់កិច្ចព្រមព្រៀង ជាផ្លូវការ ក្នុងការបង្កើតកងទ័ពឯកភាពមួយ ក្នុងការប្រយុទ្ធតតាំងជាមួយកងកម្លាំង របបសឹកនោះទេ ដោយគ្រាន់តែបង្ហើបពីបំណងតែប៉ុណ្ណោះ ។
អ្នកជំនាញខាងកិច្ចការ នយោបាយនៅអាស៊ី បាន និយាយថា ជនជាតិភាគតិចទាំង៣ក្រុមនៅមីយ៉ានម៉ា មិនងាយនឹងឯកភាពគ្នា ដោយស្រួលក្នុងការបង្កើត កងទ័ពឯកភាពតែមួយ ក្នុងការប្រយុទ្ធប្រឆាំងជាមួយកងកម្លាំង របបសឹកនោះទេ ។

មូលហេតុដែលនាំអោយពិបាកបង្កើត កងកម្លាំងឯកភាពនេះ គឺដោយសារជាកងទ័ពមកពីជនជាតិ ភាគតិចទាំង៣ក្រុម ហើយក្រុមនីមួយៗពិតជាមានបំណង ចង់ដឹកនាំដោយខ្លួនឯង និងជឿទុកចិត្តលើភាគី២ផ្សេងទៀត ដែលជាដៃគូ ។

ម្យ៉ាងទៀត ជនជាតិភាគតិចទាំង៣ក្រុមនេះ ក៏មិនទុកចិត្តផងដែរលើចលនាតស៊ូ របស់ក្រុមសកម្មជន របស់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកងកម្លាំង យោធាធ្វើរដ្ឋប្រហារផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ផលវិបាកនៅត្រង់ថា ជនជាតិភាគតិចទាំង៣ក្រុម ដែលមានគម្រោង នឹងប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំង ជាមួយកងកម្លាំងរបបសឹក មិនទុកចិត្តជនជាតិ ភាគតិចដូចគ្នាផង និងមិនទុកចិត្តចលនាបះបោរគាំទ្រ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ផង ។

ជនជាតិភាគតិចទាំង៣ក្រុមនោះ គឺមានជនជាតិភាគតិច ហ្សាន (Shan ethnic) ជាតិភាគតិច កាជីន (Kachin ethnic) និងជនជាតិភាគតិច ការ៉ែន (Karen ethnic) ដែលជនជាតិភាគតិចទាំង៣ក្រុមនេះ មានកងទ័ពឯករាជ្យរបស់ខ្លួនរៀងៗខ្លួន ។

ជនជាតិភាគតិច ហ្សាន បានបើកគណបក្សនយោបាយមួយឈ្មោះថា សម្ព័ន្ធជាតិ ហ្សាន ដើម្បីលទ្ធិប្រជាធិបតេយ្យ (Shan Nationalities League for Democracy ដែលហៅកាត់ថា SNLD និងទទួលបានសម្លេងគាំទ្រ៤២កៅអីក្នុងសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នា២០២០កន្លងទៅ មុនរដ្ឋប្រហារ ។

ជនជាតិភាគតិច កាជីន គឺជាអង្គការមួយឈ្មោះថា អង្គការឯករាជ្យកាជីន (Kachin Independence Organization) ដែលមានកងទ័ពឯករាជ្យ និងបានបើកគណបក្ស នយោបាយមួយដែរ មានឈ្មោះថា គណបក្សជាតិអារ៉ាកាន់ (Arakan National Party) ដែលហៅកាត់ថា ANP និងបានទទួលសម្លេងគាំទ្រ ៤កៅអី ក្នុងសភា កាលពីចុងឆ្នាំ២០២០ ។

ចំណែកជនជាតិភាគតិច ការ៉ែន ក៏បានបើកគណបក្សនយោបាយមួយដែរ ដែលមានឈ្មោះថា សហព័ន្ធជាតិការ៉ែន (Karen National Union) ហៅកាត់ថា KNU ជាគណបក្សគណបក្សធំមួយ ដែលបានរួបរួម ជាមួយជនជាតិ ភាគតិចចំនួន១០ក្រុមផ្សេងទៀត និងមានប្រជាជន សរុបប្រហាក់ប្រហែល ១ភាគ៣ នៃប្រជាជន សរុបទូទាំងប្រទេស ។

សូមបញ្ជាក់ជូនថា ទោះបីជាក្រុមជនជាតិ ភាគតិចទាំង៣ក្រុមនេះ មិនទាន់រួបរួមគ្នា ជាក្រុមតែមួយក៏ដោយ ក៏ជនជាតិភាគតិចទាំង៣ក្រុមនេះ មានជំហរចូលរួមជាមួយចលនាតស៊ូ គាំទ្ររដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងការប្រឆាំងនឹងកងកម្លាំង យោធារបស់របបសឹក ដោយបានរៀបចំ ក្រុមសកម្មជនរបស់ខ្លួន អោយចេញទៅចូលរួមធ្វើបាតុកម្ម នៅតាមដងផ្លូវជាមួយក្រុមបាតុករ នៅទូទាំងប្រទេសនេះ ។

ដើមចមនាំអោយកើតរឿង

លោកស្រី Linda Thomas Greenfield អគ្គរដ្ឋទូត របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ដើមចមដែលនាំ អោយមានក្រុមបះបោរ នៅទូទាំងសហភាព មីយ៉ានម៉ា គឺដោយសារកងកម្លាំង យោធារបស់របបសឹក នៃប្រទេសនេះ បានប្រើដៃធ្ងន់ក្នុង ការបង្ក្រាបក្រុមបាតុករ ក្រោយពីធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែមេសានេះ ចំនួនមនុស្សស្លាប់ក្នុងអំពើហិង្សា នៅសហភាពមីយ៉ានម៉ា បានកើនឡើង ដល់ជាង៥២០នាក់ហើយ និងមនុស្សប្រមាណ ជាង៣០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដោយជនដែលត្រូវបាន ចាប់ខ្លួនមួយចំនួន បានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃត្រូវបានចាប់ខ្លួន ។

ចុងក្រោយនេះ ជនភាគតិច ការ៉ែន និងកាជីន បានចេញមុខដោយចំហ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងកងកម្លាំង របបសឹក ដែលរុញច្រានអោយកងកម្លាំងយោធា បានប្រើប្រាស់យន្តហោះ ទម្លាក់គ្រាប់បែកទៅលើទីតាំង មួយចំនួនរបស់ជនជាតិ ភាគតិចទាំង២ក្រុមនេះ ដែលបណ្តាលអោយផ្ទុះកំហឹងកាន់តែខ្លាំង ។

អ្នកជំនាញផ្នែកនយោបាយជាច្រើន រួមទាំងប្រព័ន្ធ ផ្សព្វផ្សាយផងដែរ បានអោយដឹងថា ចំណាត់ការក្តៅរបស់កងកម្លាំងយោធារបបសឹក ក្នុងការឆ្លើយតបទៅលើក្រុមប្រឆាំង កំពុងរុញច្រាន អោយផ្ទុះចេញជាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះ នៅពេលខាងមុខ ប្រសិនបើភាគីទាំងពីរ មិនមានមធ្យោបាយ ដ៏មានប្រសិទ្ធភាពទេនោះ ៕
ដោយ ៖ អ៊ី ជិន

To Top