ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំគ្នា លើបញ្ហាឧបទ្វីបកូរ៉េ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមផងដែរ ក៏បានឲ្យដឹងទៀតថា ពួកគេបានឯកភាពលើភាពចាំបាច់ សម្រាប់ការអនុវត្តពេញលេញនៃ ដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធដោយ សហគមន៍អន្តរជាតិការពារការ រីកសាយភាយអាវុធនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹង ការទប់ស្កាត់និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។

នៅក្នុងកិច្ចប្រជុំពិភាក្សាគ្នានោះផងដែរ ក៏ត្រូវបានគេដឹងដែរថា ក៏បានលើកយកបញ្ហាជាច្រើនទៀត ដូចជាបញ្ហារាតត្បាតនៃកូវីដ បម្រែប្រមួលអាកាសធាតុព្រមទាំងស្ថានភាព នៅមីយ៉ាន់ម៉ាផងដែរមកចរចាគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top