ព័ត៌មានអន្តរជាតិ

អាមេរិក ហៅកិច្ចពិភាក្សា​ ទីក្រុងវីយែនថា ជាការស្ថាបនា ប៉ុន្ដែបដិសេធការទាមទារអតិបរិមារបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារម្សិលមិញនេះ បានហៅកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ថា ជាជំហានស្ថាបនាមួយ ប៉ុន្តែបានច្រានចោលជំហរ របស់ទីក្រុងតេអេរ៉ង់ នៃការទាមទារអតិបរិមា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “ការពិភាក្សាទាំងនេះ នៅក្នុងទីក្រុងវីយែន ទោះបីជាយើងមិនបានជួបផ្ទាល់ជាមួយអ៊ីរ៉ង់ ដូចដែលយើងបាននិយាយក៏ដោយ វាគឺជាជំហានស្វាគមន៍មួយ វាគឺជាជំហានស្ថាបនាមួយ វាគឺជាជំហានប្រកបដោយសក្តានុពល” ។

លោកបានបន្ដថា“ យើងមិនរំពឹងថា នឹងមានរបកគំឃើញភ្លាមៗនោះទេ យើងដឹងថា វានឹងមានការពិភាក្សាលំបាក នៅពេលខាងមុខ ប៉ុន្តែម្តងទៀតនេះ គឺជាជំហានឆ្ពោះទៅមុខប្រកបដោយលទ្ធផលល្អ។

លោកបានកត់សម្គាល់ថា ក្រុមការងារចំនួនពីរ នៅក្នុងកិច្ចប្រជុំនេះ ផ្តោតលើជំហានរៀងៗខ្លួនសម្រាប់ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។

អ្វីដែលមាននៅលើតុនៅទីក្រុងវីយែនថ្ងៃនេះ និងប៉ុន្មានថ្ងៃបន្ទាប់ទៀត គឺការពិភាក្សាដោយប្រយោលដំបូង អំពីជំហានដំបូងអ្វី ដែលអ៊ីរ៉ង់នឹងត្រូវធ្វើ ដើម្បីបន្តការអនុលោមតាម JCPOA និងអ្វីដែលសហរដ្ឋអាមេរិក នឹងត្រូវការ ដើម្បីធ្វើបន្តទៀត និងអនុលោមតាម JCPOA ។

លោករំពឹងថា សហរដ្ឋអាមេរិក អាចមានការយល់ដឹងកាន់តែច្បាស់ អំពីផែនទីបង្ហាញផ្លូវសម្រាប់វិធី ដែលភាគីទាំងពីរទទួលបានការ គោរពគ្នាទៅវិញទៅមក ជាមួយកិច្ចព្រមព្រៀង នុយក្លេអ៊ែរបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវីយែន៕

ដោយ ឈូក បូរ៉ា

To Top