ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក ចេញសេចក្តីថ្លែងការណ៍ បេសកកម្មថ្មី ផ្តោតលើ អំណាច ដែនអាកាស

បរទេស៖ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍ អំពីបេសកកម្មថ្មីរបស់ខ្លួនថា “ត្រូវហោះហើរ ប្រយុទ្ធនិងឈ្នះ នៅគ្រប់ពេល និងគ្រប់ទីកន្លែង”។

យោងតាមកងកម្លាំង ជើងអាកាសសហរដ្ឋអាមេរិក សេចក្តីថ្លែងការណ៍នោះ គឺមានន័យសង្កត់ធ្ងន់ លើអត្ថប្រយោជន៍ចម្បង និងសមត្ថភាព ដែលអំណាចដែនអាកាស ផ្តល់ឲ្យដល់ប្រទេស និងប្រតិបត្តិការចម្រុះ។

នៅក្នុងសេចក្តីប្រកាស ព័ត៌មាននោះ អគ្គលេខាធិការ កងទ័ពជើងអាកាស លោកឧត្តមសេនីយ៍ Charles Q. Brown, Jr. បានមានប្រសាសន៍ថា “ស្របពេលដែលយើង បង្កើតសេចក្តីថ្លែងការណ៍ បេសកកម្មថ្មីនេះ យើងបានប្រឹក្សាយោបល់ ជាមួយអាកាសយានិក មកពីគ្រប់ទិសទី ទាហានចុះបញ្ជី មន្ត្រី ទាហានបម្រុង ឆ្មាំការពាំរនិងជនស៊ីវិល”។

គួរបញ្ជាក់ថា សេចក្តីប្រកាស របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិកកាល ពីថ្ងៃព្រហស្បតិ៍នេះ ធ្វើការកត់សម្គាល់ថា ជាមួយការបង្កើត កងកម្លាំងអវកាស នៅចុងឆ្នាំ២០១៩ កងទ័ពជើងអាកាស ក្នុងពេលបច្ចុប្បន្ន អាចធ្វើការផ្តោតលើអំណាច ដែនអាកាស និងបេសកកម្ម ដែនអាកាសសំខាន់ៗ៕
ប្រែសម្រួល៖ប៉ាង កុង

To Top