ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាញ់ស្ទាក់កូនដ្រូនពួកហូធី

បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងចលនា ពួកហូធីនៅក្នុងប្រទេសយេម៉ែន បានបាញ់ស្ទាក់ និងកម្ទេចកូនដ្រូនមួយគ្រឿងរបស់ពួកហូធី ដែលវាយប្រហារសំដៅទៅទីក្រុង Khamis Mushait ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។

មន្ត្រីនាំពាក្យយោធាពួកហូធី លោក Yahya Sarea បាននិយាយក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនពីរគ្រឿង បានវាយប្រហារទៅលើរោងយោធាមួយកន្លែង នៅអាកាសយានដ្ឋាន Jazan ក្នុងភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត និងមូលដ្ឋានដែនអាកាសយោធាមួយកន្លែង ក្នុងទីក្រុង Khamis Mushait។

គួរបញ្ជាក់ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែន នៅក្នុងខែមីនា ឆ្នាំ២០១៥ ប្រឆំាងពួកហូធី ក្រោយចលនានេះ បានផ្តួលរំលំរដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់ ចេញពីរដ្ឋធានីសាណាអា។

អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក បានបង្កើនកិច្ចប្រឹងប្រែងការទូត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ដែលអារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលយេម៉ែនគាំទ្រ ដោយអារ៉ាប៊ីសាអូឌីត បានសម្តែងនូវការស្វាគមន៍។ ពួកហូធី នាពេលបច្ចុប្បន្ននេះ កំពុងតែជំរុញឲ្យលើកលែងទាំងស្រុង លើការបិទផ្លូវសមុទ្រនិងដែនអាកាស លើតំបន់ដែលខ្លួនគ្រប់គ្រង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top