ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Boeing ចាប់ផ្តើមផលិត យន្តហោះចារកម្ម ឲ្យន័រវេស

បរទេស៖ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ការផលិតយន្តហោះស៊ើបការណ៍ P-8A Poseidonដំបូង របស់ប្រទេសន័រវេស កំពុងតែប្រព្រឹត្តទៅ នេះបើយោងតាមសចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ប្រទេសន័រវេស ដែលក្រុមហ៊ុន Boeing និយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា ទំនងជានឹងទទួលបានយន្តហោះ P-8A ដំបូង នៅត្រឹមចុងឆ្នាំនេះនោះ គ្រោងប្រើប្រាស់យន្តហោះនេះ ដើម្បីជំនួសតំណែងកងយន្តហោះ P-3C Orion ដែលប្រើប្រាស់ អស់រយៈពេល៤០ឆ្នាំរបស់ខ្លួន។

កងទ័ពជើងអាកាសន័រវេស បានអនុម័តទិញយន្តហោះ ចារកម្ម P-8A ចំនួន៥គ្រឿង នៅក្នុងកុងត្រាឆ្នាំ២០១៦ ដែលរួមបញ្ចូលទាំងម៉ាស៊ីនបន្ថែម កម្មវិធីសូហ្វវែបេសកកម្មចំហយុទ្ធសាស្ត្រ ប្រព័ន្ធរ៉ាដា AN/APY-10 ឧបករណ៍ចាប់សញ្ញាមីស៊ីល និងសម្ភារៈបន្ថែមទៀត ហើយកិច្ចព្រមព្រៀងនោះ មានទំហំទឹកប្រាក់ប្រមាណ ១,៧៥ពាន់លានដុល្លារ។

គួរបញ្ជាក់ថា កុងត្រានោះ គឺជាផ្នែកនៃកិច្ចព្រមព្រៀង ២,៤៦ពាន់លាន ដែលក្នុងនោះ ក្រុមហ៊ុន Boeing នឹងផលិតយន្តហោះចំនួន១៩គ្រឿង គឺចំនួន១០គ្រឿងសម្រាប់ទ័ពជើងទឹកអាមេរិក ៤គ្រឿងសម្រាប់អង់គ្លេស និង៥គ្រឿងសម្រាប់ន័រវេស៕ប្រែសម្រួល៖ប៉ាង កុង

To Top