ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ រហូតដល់ ១ ៥៤៣នាក់ នៅថ្ងៃទី១៥មេសា

បរទេស៖ ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ នៅទូទាំងប្រទេសថៃ បានបន្តបង្កើតកំណត់ត្រាជាលើកទី ២ ជាប់ៗគ្នានៅថ្ងៃព្រហស្បតិ៍នេះដោយ មានករណីឆ្លងរហូតដល់ចំនួន ១.៥៤៣ នាក់ ក្នុងនោះ ឆ្លងក្នុងតំបន់ចំនួន ១ ៥៤០ នាក់ និងករណីនាំចូលចំនួន ៣ ករណីដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៣៧.៤៥៣ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានស្តីទីផ្នែកគ្រោះថ្នាក់សុខភាពនិងគ្រប់គ្រងជំងឺបន្ទាន់ នៅនាយកដ្ឋានត្រួតពិនិត្យជំងឺ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការកើនឡើងប្រចាំថ្ងៃគឺ ៤ ខ្ទង់ (ខ្ទង់ពាន់) សម្រាប់រយៈពេល២ថ្ងៃ ជាប់គ្នា ហើយកាលពីថ្ងៃពុធរដ្ឋាភិបាលបានប្រកាស ពីការកើនឡើងប្រចាំថ្ងៃនៅ ១.៣៣៥ នាក់

លោកវេជ្ជបណ្ឌិត Chawetsan បន្តថា “ ចំនួនករណីឆ្លងថ្មីកំពុងកើនឡើង។ ភាគច្រើនជាសមាជិកគ្រួសារនិងអ្នកដែលទាក់ទងករណីឆ្លងមុនៗ ដែលទាក់ទងនឹងកន្លែងដែលមានមនុស្សច្រើនកុះករនៅក្នុងតំបន់ជាច្រើនរួមមានកន្លែងកម្សាន្ត ពិធីជប់លៀង សិក្ខាសាលានិងជំរុំនិស្សិត” ៕ប្រែសម្រួលៈ ណៃ តុលា

To Top