Covid-19

ថ្ងៃទី១៦មេសា ថៃរកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ១ ៥៨២នាក់, អ្នកជំងឺចំនួន ១០ ៤៦១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បរទេស៖ នៅថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១ ៥៨២នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបានបង្កើតកំណត់ត្រាសម្រាប់ថ្ងៃទី ៣ ជាប់គ្នា ដែលមានអ្នកឆ្លងខ្ទង់ពាន់ និងបង្កើនចំនួនអ្នកឆ្លងវីរុសនេះសរុបដល់ ៣៩ ០៣៨ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានស្តីទីផ្នែកគ្រោះថ្នាក់សុខភាពបន្ទាន់ និងគ្រប់គ្រងជំងឺ នៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា មានករណីឆ្លងថ្មីចំនួន ១ ៥៧៧ នាក់ គឺជាការឆ្លងក្នុងស្រុកដែលរកឃើញនៅក្នុងខេត្តចំនួន ៦៦ ខេត្តនិង ៥ ករណីត្រូវបាននាំចូល។

ក្នុងចំណោមការឆ្លងមេរោគក្នុងតំបន់មាន ៩២១ នាក់ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យនិង ៦៥៦ នាក់ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ។ គាត់បាននិយាយថា ជាធម្មតាករណីថ្មីត្រូវបានបញ្ជាក់ពី ៥-៧ ថ្ងៃបន្ទាប់ពីការឆ្លង។

សូមជម្រាបថា ថៃមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៩ ០៣៨ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន២៨ ៤៨០ នាក់ (៧២,៩%) ។ អ្នកជំងឺចំនួន ១០ ៤៦១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ៦៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ១៦នាក់ ប្រើម៉ាស៊ីនខ្យល់ដកដង្ហើម និងមានអ្នកស្លាប់ ៩៧នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top