ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង កំពុងពិភាក្សាយ៉ាងស្វាហាប់នូវកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩

សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេស កូរ៉េខាងត្បូង កំពុងពិភាក្សាដោយយកចិត្តទុកដាក់ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានវ៉ាក់សាំងការពារ ជំងឺកូវីដ- ១៩ ។

រដ្ឋមន្រ្តីការបរទេសលោកជុង អ៊ីយយ៉ុង បានបង្ហាញ ពីការពិគ្រោះយោបល់ទ្វេភាគី ដែលកំពុងដំណើរការរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក្នុងសម័យប្រជុំសភា របស់ខ្លួន អំពីកិច្ចព្រមព្រៀង ដោះដូរខាងលើនេះ។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានឆ្លើយតបទៅនឹងការសួរ ដេញដោលរបស់លោក Park Jin ដែលជាគណបក្សប្រឆាំង People Power Party ឲ្យដឹងថា“ បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងពិភាក្សា កិច្ចព្រមព្រៀងដោះដូរ ដ៏មានសក្តានុពល ជាមួយភាគី សហរដ្ឋអាមេរិក ដោយស្មោះត្រង់” ។

លោក បានលើកឡើងថា បញ្ហានេះត្រូវបានពិគ្រោះយោបល់យ៉ាងល្អិតល្អន់ នៅពេលដែលប្រេសិត ពិសេសប្រធានាធិបតីសម្រាប់អាកាសធាតុលោក John Kerry បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា

To Top