ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន Tân Sơn Nhất របស់វៀតណាម កកកុញដោយអ្នកដំណើរ

ហាណូយ៖ អាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ក្នុងទីក្រុងហូជីមិញ បានបន្ថែមបុគ្គលិក ដោយបើកបញ្ជរចូលឆែកឆេរ ឬ Check in និងប្រើប្រាស់ម៉ាស៊ីនស្កេន សុវត្ថិភាពដែលមានទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ របស់អ្នកដំណើរកាន់តែខ្លាំងនៅទីតាំងនោះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការកកស្ទះអូសបន្លាយពេលនៅតាមតំបន់ ត្រួតពិនិត្យសន្តិសុខក្នុងអាកាសយានដ្ឋាន Tân Sơn Nhất បណ្តាលឱ្យមានការពន្យារពេល នៃការហោះហើរនិងការខកចិត្ត ក្នុងចំណោមអ្នកដំណើរជាច្រើន។ អ្នកខ្លះខកខានការហោះហើរ របស់ពួកគេនៅពេលពួកគេត្រូវតម្រង់ជួរ រាប់ម៉ោងសម្រាប់ការត្រួតពិនិត្យសុវត្ថិភាព។

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) និងអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất (TIA) កាលពីថ្ងៃទី ១៩ ខែមេសាបាននិយាយថា សមត្ថភាពប្រតិបត្តិការដែលផ្តល់ ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម អនុញ្ញាតឱ្យមានរហូតដល់ទៅ ១.៧២៨នាក់ ក្នុងមួយម៉ោងនៅច្រកទ្វារសន្តិសុខនៅ Hall A និង រហូតដល់ ១.៥៨៤ នាក់ក្នុងមួយម៉ោងនៅ Hall B។

ទោះយ៉ាងណានៅម៉ោង ដែលមមាញឹកនៅចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា Hall A មានអ្នកដំណើរចំនួនពី ២ ១០០នាក់ ទៅ ២ ៤០០នាក់ក្នុងមួយម៉ោង ដែលលើសពីសមត្ថភាពរៀបចំ ២៥ ទៅ ៣០ ភាគរយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top