ព័ត៌មានអន្តរជាតិ

ឡាវ បិទខ្ទប់រដ្ឋធានី វៀងច័ន្ទ រយៈពេល១៤ថ្ងៃ ដោយសារមានករណី ឆ្លងជំងឺកូវីដ-១៩ ហក់ឡើង

វៀងច័ន្ទ៖ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃពុធនេះ បានបញ្ជាឲ្យបិទខ្ទប់រដ្ឋធានី វៀងច័ន្ទ រយៈពេល១៤ថ្ងៃ ដោយសារតែមានការកើនឡើង ករណីឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះដែរ ខេត្តមួយចំនួនទៀត ត្រូវបង្ខំឲ្យចាត់វិធានការ ការពារឲ្យបានល្អ ។

ក្រសួងសុខាភិបាលឡាវ បានប្រកាសនៅថ្ងៃពុធនេះថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន២៦នាក់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ បន្ទាប់ពីមានការផ្ទុះជំងឺ ដែលគេជឿជាក់ថា បានចាប់ផ្តើមក្នុងអំឡុងពេលចូលឆ្នាំថ្មីឈប់ សម្រាកនៅក្នុងប្រទេសឡាវ ។

នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីបានធ្វើកំណត់ ហេតុមួយដែលបានផ្សព្វផ្សាយ ដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី០៥ ខែឧសភា ហើយក្រុមអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្ត ធ្វើការអប់រំ ដល់សាធារណជន អំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយជំងឺកូវីដ-១៩ រួមទាំងប្រាប់ពីមធ្យោបាយនានា ដើម្បីការពារដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។

ការធ្វើដំណើរចេញពីរដ្ឋធានីវៀងច័ន្ទ ទៅកាន់ខេត្តផ្សេងៗទៀត និងពីខេត្តផ្សេងៗ មកចូលរដ្ឋធានី វិញ ត្រូវបានហាមឃាត់ លើកលែងតែពលរដ្ឋអចិន្ត្រៃយ៏ នៅរដ្ឋធានី ដែលវិលត្រឡប់ចូលផ្ទះមកពីខេត្តនានា រថយន្តដឹកទំនិញ និងទំនិញ ហើយត្រូវបានផ្តល់អាជ្ញាបណ្ណ ជូនដល់បុគ្គលមួយចំនួនប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top