ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ធ្វើការសងសឹក ក្រោយមីស៊ីលស៊ីរី ធ្លាក់ក្បែររ៉េអាក់ ទ័រនុយក្លេអ៊ែ

បរទេស ៖ យោធាអ៊ីស្រាអែល បាននិយាយថា មីស៊ីលវាយប្រហារ ពីដីទៅអាកាសស៊ីរីមួយគ្រាប់ បានធ្លាក់ផ្ទុះនៅក្នុងប្រទេស អ៊ីស្រាអែល ភាគខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ជាហេតុការណ៍មួយ បង្កឲ្យមានការបង្កើនស៊ីរ៉ែនព្រមាន នៅក្នុងតំបន់ក្បែរ រ៉េអាក់ទ័រ នុយក្លេអ៊ែ Dimona ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានរបាយការណ៍អំពីអ្នករងរបួស ឬក៏ការខូចខាតណាមួយ នៅក្នុងប្រទេសអ៊ីស្រាអែលនៅឡើយនោះទេ។
យោធាអ៊ីស្រាអែល បាននិយាយប្រាប់ថា ក្នុងដំណើរឆ្លើយតប ចំពោះការ វាយប្រហារ ដោយមីស៊ីលនោះ ខ្លួនបានធ្វើការវាយប្រហារ ទីតាំងប្រព័ន្ធមីស៊ីលមួយចំនួន នៅក្នុងប្រទេសស៊ីរី ដែលរួមទាំងទីតាំងមួយ ដែលបានមីស៊ីលវាយប្រហារទឹកដីអ៊ីស្រាអែល ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី បាននិយាយប្រាប់ថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ស្ទាក់ការវាយ ប្រហារអ៊ីស្រាអែល ដែលផ្តោតគោលដៅលើតំបន់នានា នៅតំបន់ជាយទីក្រុងដាម៉ាស់ ប៉ុន្តែទាហានចំនួន៤នាក់ បានរងរបួស និងខូចខាតឧបករណ៍ខ្លះៗ នៅក្នុងការវាយប្រហារនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top