ព័ត៌មានអន្តរជាតិ

អាមេរិក ឃើញភាពខុសគ្នា ដ៏ធំជាមួយអ៊ីរ៉ង់ ក្នុងកិច្ចពិភាក្សា នុយក្លេអ៊ែ

បរទេស ៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា មានភាពខ្វែងគំនិតគ្នាដ៏ធំ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ជុំវិញរបៀបដែលពួកគេ អាចនឹងបន្តអនុត្តជាថ្មី តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ បើទោះជាមានការ វិវត្តរីកចម្រើនខ្លះៗ ក្នុងកិច្ចពិភាក្សាគ្នា ដោយប្រយោលចុងក្រោយបំផុត របស់ពួកគេ នៅក្នុងទីក្រុងវីយែនក៏ដោយ ។

នៅក្នុងសន្នសីទតាមទូរស័ព្ទមួយ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាទំនងជាតម្រូវ ឲ្យមានជុំពិភាក្សាគ្នាជាច្រើនទៀត ចំណែកលទ្ធផល នៅតែមិនទាន់មានភាពច្បាស់លាស់ ហើយកិច្ចពិភាក្សាគ្នា មិនជិតបានចប់នោះទេ ។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះ បានបញ្ជាក់ថា ភាគខុសគ្នាដ៏ចម្បង គឺជុំវិញទណ្ឌកម្មអ្វីដែលសហរដ្ឋអាមេរិកនឹងចាំបាច់ត្រូវដកចេញ និងវិធានការអ្វីដែលអ៊ីរ៉ង់ នឹងចាំបាច់ត្រូវធ្វើ ដើម្បីបន្តជាថ្មីនូវកាតព្វកិច្ចខ្លួន បញ្ឈប់កម្មវិធីនុយក្លេអ៊ែ ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “នៅតែមានការមិនយល់ស្របគ្នា ហើយក្នុងករណីខ្លះ គឺជារឿងដ៏សំខាន់មួយ ។ យើងមិនជិតបញ្ចប់កិច្ចចរចាគ្នា ទាំងនេះទេ ហើយលទ្ធផលនៅតែមិនទាន់ច្បាស់លាស់ ។ យើងបានបង្កើតឲ្យមាន ការវិវិត្តរីកចម្រើនខ្លះៗ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top