ព័ត៌មានអន្តរជាតិ

សកម្មជនមីយ៉ានម៉ា​ ថ្កោលទោសចំពោះការឯកភាពគ្នា ​រវាងអាស៊ាន​និងរបបសឹក ព្រមទាំងប្តេជ្ញាបន្តការតវ៉ា (Video)

បរទេស៖ ​សកម្មជនគំាទ្រ​លទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងគ្នាមួយ​រវាងមេដឹកនាំសឹក និងមេដឹកនាំអាស៊ាននានា ឲ្យបញ្ចប់វិបត្តិប្រកបដោយហិង្សា​ក្រោយរដ្ឋប្រហារក្នុងប្រទេស និងបានប្តេជ្ញានៅថ្ងៃអាទិត្យនេះថា នងបន្តយុទ្ធនាការតវ៉ារបស់ពួកគេទៀត។

នៅថ្ងៃអាទិត្យនេះ ការតវ៉ាដោយសន្តិវិធីខ្លះ បានកើតមាននៅក្នុងទីក្រុងធំៗរបស់មីយ៉ានម៉ា ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូល​របស់សមាគមអាស៊ាន ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ​ឲ្យបញ្ចប់ភាពចលាចលក្នុងប្រទេស ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់នោះទេ។

លោក Khin Sandar មកពីក្រុមអ្នកតវ៉ា ឈ្មោះគណៈកម្មការ​សហប្រតិបត្តិការបាតុកម្មទូទៅ បានមានប្រសាសន៍យ៉ាងដូច្នេះថា “មិនថាជាអាស៊ាន ឬក៏អង្គការសហប្រជាជាតិនោះទេ ពួកគេគ្រាន់តែនិយាយពីខាងក្រៅថា កុំប្រយុទ្ធគ្នា ចូរធ្វើការចរចាគ្នាដោះស្រាយបញ្ហា ប៉ុន្តែនោះមិនឆ្លុះបញ្ចាំងពីស្ថានភាព​ជាក់ស្តែងរបស់មីយ៉ានម៉ាទេ យើងនឹងបន្តធ្វើការតវ៉ា យើងមានផែនការធ្វើយ៉ាងដូច្នេះ”។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍មួយ​ពីប្រធានអាស៊ាន គឺប្រទេសព្រុយណេ បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទមួយ ត្រូវបានសម្រេចឡើងក្នុងទីក្រុងហ្សាកាតា លើចំណុចចំនួន៥ គឺបញ្ចប់អំពើហិង្សា ពិភាក្សាគ្នាក្នុងចំណោមភាគីទាំងអស់ ប្រសេតពិសេសរបស់អាស៊ាន​នឹងសម្របសម្រួលកិច្ចពិភាក្សា ទទួលយកជំនួយ និងមានទស្សនកិច្ចធ្វើឡើង​ដោយប្រេសិតទៅកាន់ប្រទេសមីយ៉ានម៉ា​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top
×