ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិចិន មកទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល ៤ថ្ងៃ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe កំពុងដឹកនាំគណៈប្រតិភូយោធាចិនជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងជួបជាមួយសមភាគីវៀតណាមលោក Phan Van Giang។ ពិធីស្វាគមន៍ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យនៅទីក្រុងហាណូយ ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Van Giang។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Giang បានមានប្រសាសន៍ថា ប្រទេសវៀតណាមតែងតែ វាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ នៃការពង្រឹងមិត្តភាពជាប្រពៃណី និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ដោយពិចារណាលើបញ្ហានេះ ក្នុងចំណោមអាទិភាពកំពូល ៗ នៅក្នុងគោលនយោបាយ ការបរទេសរបស់វៀតណាម។

លោកឧត្តមសេនីយ៍ Wei រដ្ឋមន្រ្តីការពារជាតិចិន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេល ៤ ថ្ងៃ (២៤-២៧ ខែមេសា) បានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិ រវាងវៀតណាមនិងចិន គឺជាសកម្មភាពសំខាន់មួយដែល រួមចំណែកដល់ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងរដ្ឋទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងប្រទេសទាំងពីរ ទៅវិញទៅមក ក៏ដូចជាក្នុងតំបន់និងជុំវិញពិភពលោក។

ដោយនិយាយអំពីបញ្ហា ដែលនៅសេសសល់លោក Giang បាននិយាយថា ប្រទេសវៀតណាមស្វែងរក ដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) សេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ។

រដ្ឋមន្រ្តីការពារជាតិទាំងពីរ បានធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតអង្គភាពមួយដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងកងទ័ពទាំងពីរ។ ប្រទេសវៀតណាម និងចិនបានបង្កើតចំណងការទូត ជាផ្លូវការនៅឆ្នាំ ១៩៥០ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top