ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ប្តឹងក្រុមហ៊ុន AstraZeneca ពីបទពន្យារពេលបញ្ជូន វ៉ាក់សាំងកូវីដ១៩

បរទេស ៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានចាតវិធានការផ្លូវច្បាប់ លើក្រុមហ៊ុន AstraZeneca ពីបទមិនគោរព តាមកុងត្រាសម្រាប់ការ ផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ និងសម្រាប់ការមិន មានផែនការគួរឲ្យទុកចិត្ត ដើម្បីធានា ដល់ការបញ្ជូនឲ្យទាន់ពេល ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន mint នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ឆ្លើយតបវិញ ក្រុមហ៊ុន AstraZeneca (AZN.L) បាននិយាយថា វិធានការផ្លូវច្បាប់ដែលធ្វើឡើង ដោយសហភាពអឺរ៉ុប គឺគ្មានលក្ខណៈល្អទេ ហើយបានប្តេជ្ញាថា នឹងការពារខ្លួនយ៉ាងខ្លាំងក្លានៅតុលាការ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca បាននិយាយដូច្នេះថា “ក្រុមហ៊ុន AstraZeneca អនុវត្តតាម ទំាងស្រុង នូវកិច្ចព្រមព្រៀងទិញ ជាមួយគណៈកម្មការអឺរ៉ុប ហើយនឹងការពារខ្លួនយ៉ាងខ្លាំងក្លា នៅតុលាការ។ យើងជឿថា ការប្តឹងណាមួយ គឺគ្មានលក្ខណៈល្អ ហើយយើងស្វាគមន៍ ឱកាសនេះ ដោះស្រាយជម្លោះនេះ ឲ្យបានឆាប់បំផុត តាមដែលអាចទៅរួច” ។

គួរបញ្ជាក់ថា ក្រោមកុងត្រានោះ ក្រុមហ៊ុន បានប្តេជ្ញាធ្វើការខិតខំប្រឹង ប្រែងឲ្យអស់ពីលទ្ធភាពខ្លួន ដើម្បីផ្តល់ថ្នាំវ៉ាក់សាំង ចំនួន១៨០លានដូសឲ្យសហភាពអឺរ៉ុប ក្នុងត្រីមាសទី២នៃឆ្នាំនេះ និងសម្រាប់ចំនួនសរុប៣០០លានដូស ក្នុងអំឡុងពេលពីខែធ្នូដល់ខែមិថុនា៕
ប្រែសម្រួល៖ប៉ាង កុង

To Top