ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យមួយចំនួន នៅតាមបណ្តាខេត្ត ជាច្រើនក្នុងប្រទេសថៃ ត្រូវបិទទ្វារ បន្ទាប់ពីបុគ្គលិកជាច្រើន ឆ្លងវីរុសកូវីដ-19

បរទេស ៖ មន្ទីរពេទ្យមួយចំនួន នៅតាមបណ្តាខេត្ត ជាច្រើនក្នុងប្រទេសថៃ បានបញ្ឈប់ការផ្តល់សេវា ទទួលអ្នកជំងឺ បន្ទាប់ពីបុគ្គលិកជាច្រើន ក្នុងមន្ទីរពេទ្យបានឆ្លងវីរុសកូវីដ-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យRuam Phaet Chai Nat នៅខេត្ត Chai Nat បានបិទទ្វារកាលពីម្សិលមិញ បន្ទាប់ពីបុគ្គលិកមន្ទីរពេទ្យម្នាក់បានឆ្លងវិរុសកូវីដ១៩។ មន្ទីរពេទ្យត្រូវបានសម្អាតយ៉ាងហ្មត់ចត់ ហើយនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១២ ខែឧសភា។ បុគ្គលិកដែលមានហានិភ័យខ្ពស់ត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ក។

បុគ្គលិកដែលមានផ្ទុកមេរោគនេះអាយុ ៤៤ ឆ្នាំបានឆ្លងវីរុសនេះពីអ្នកមានជំងឺម្នាក់នៅស្រុក Ta Khli ក្នុងខេត្ត Nakhon Sawan។

នៅខេត្តត្រាង មន្ទីរពេទ្យឈ្មោះ Ratsada បានរាយការណ៍ថាបុគ្គលិកមន្ទីរពេទ្យដែលឆ្លងជំងឺមានចំនួន ៦ នាក់ ដោយ ១២ នាក់ផ្សេងទៀតកំពុងរង់ចាំលទ្ធផលតេស្តរបស់ពួកគេ។ មន្ទីរពេទ្យ និងការិយាល័យសុខភាពនិងសុខភាពសាធារណៈ Ratsada ត្រូវបានប្រកាសជាតំបន់ត្រួតត្រាជាអតិបរមា។ បុគ្គលិកដែលឆ្លងរោគភាគច្រើន មិនមានតួនាទីប្រឈមនឹងអ្នកជំងឺទេ។

គិតត្រឹមម្សិលមិញ មន្ទីរពេទ្យបានបិទមន្ទីរទាំងអស់ លើកលែងតែ ផ្នែកសង្គ្រោះបន្ទាន់ ដើម្បីធ្វើតេស្តបុគ្គលិក ដែលនៅសល់និងធ្វើអនាម័យ ក្នុងបរិវេណនោះ ។ ខេត្តត្រាង ប្រទេសថៃ បានរាយការណ៍ថា មានចំនួនសរុប ៩៦ ករណី នៃជំងឺកូវីដ១៩៕ប្រែសម្រួលៈ ណៃ តុលា

To Top