Covid-19

តៃវ៉ាន់​ នឹងបញ្ជូនជំនួយកូវីដ១៩​ ឲ្យឥណ្ឌា នៅសប្ដាហ៍នេះ

បរទេស៖​ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានទិញ បំពង់អុកស៊ីសែនចំនួន១៥០ និងមានបំណងបញ្ជូនបំពង់ទាំងនោះ ឲ្យទៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដើម្បីជួយដោះស្រាយការកើនឡើង ​នៃករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏កំពុងតែសម្លឹង ផ្តល់ជំនួយ​បន្ថែមទៀតផងដែរ​។

លោក Joseph Wu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងតែធ្វើការងារលើកញ្ចប់ ជំនួយ​សម្រាប់ប្រទេសឥណ្ឌា ហើយបានបញ្ជាទិញរួចរាល់ហើយ នូវបំពង់អុកស៊ីសែនចំនួន១៥០ ដែលគួរតែអាចបញ្ជូន​ ទៅឲ្យនៅចុងសប្ដាហ៍នេះ។

លោករដ្ឋមន្ត្រីការបរទេសតៃវ៉ា់ន់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែស្ថិតក្នុងដំណើរការ​ទិញបំពង់ អុកស៊ីសែនបន្ថែមទៀត និងទិញវត្ថុធាតុដើមពីបរទេស ដូច្នេះក្រុមហ៊ុននៅក្នុងស្រុករបស់យើង អាចធ្វើការផលិតបានច្រើនបន្ថែមទៀត”។

គួរបញ្ជាក់ថា ប្រទេសនៅជុំវិញពិភពលោក បាននិងកំពុងតែប្រញាប់ប្រញាល់​ជួយដល់ប្រទេសឥណ្ឌា​កាត់បន្ថយវិបត្តិជម្ងឺកូវីដ១៩។ គិតត្រឹមថ្ងៃពុធ​ចំនួនការស្លាប់ សរុបបណ្ដាល​មកពីការរាតត្បាតនៃមេរោគកូរ៉ូណា ​នៅក្នុងប្រទេសឥណ្ឌា បានកើនដល់ ​២០០.០០០នាក់ ដោយសារតែខ្វះគ្រែពេទ្យព្យាបាល​និងបំពង់អុកស៊ីសែន៕

ប្រែសម្រួល៖​ប៉ាង កុង

To Top