ព័ត៌មានអន្តរជាតិ

បាតុករប្រឆាំង រដ្ឋប្រហារមីយ៉ាន់ម៉ា បន្ដធ្វើបាតុកម្ម ឈានចូលគម្រប់ ៣ខែ និងមានអ្នកស្លាប់ ជាង ៧០០នាក់

រ៉ង់ហ្គូន៖ ថ្ងៃសៅរ៍បានកត់សម្គាល់រយៈពេល ៣ខែចាប់តាំងពីរដ្ឋប្រហារ យោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ប្រជាជន ដែលអំពាវនាវ រកលទ្ធិប្រជាធិបតេយ្យ បានបន្តការតវ៉ា របស់ពួកគេប្រឆាំង នឹងរដ្ឋប្រហារ ក្នុងទម្រង់ផ្សេងៗគ្នា ដែលរួមមានទាំងចលនា មិនគោរពតាមរដ្ឋប្បវេណី ដើម្បីធ្វើពហិការការងារ។

ខណៈដែលបាតុកម្ម កំពុងបាត់បង់សន្ទុះ នៅពាក់កណ្តាលខែមេសា នៅពេលដែលរបបយោធា បានអនុវត្តការគ្រប់គ្រង ភេរវកម្មរបស់ខ្លួន និងបានសម្លាប់ អ្នកតវ៉ាដោយសន្តិវិធី និងបាតុករជាង ៧៥០ នាក់ ប្រជាជនបានវិល ត្រឡប់មកតាមដងផ្លូវវិញ សម្រាប់ការតវ៉ាភ្លាមៗ ហើយការប្រមូលផ្តុំគ្នា បានធ្វើឡើង នៅថ្ងៃសៅរ៍នេះ នៅតាមទីក្រុងជាច្រើន។

ប៉ុន្តែមនុស្សជាច្រើនកំពុងតស៊ូ ដើម្បីការរស់រាន មានជីវិតនៅក្នុងប្រទេស ដែលរងគ្រោះដោយសារវិបត្តិនេះ ខណៈដែលគ្មានសញ្ញាណាមួយ ពីរបបយោធា ដើម្បីបញ្ឈប់ការប្រើប្រាស់កម្លាំង ទោះបីជាមេដឹកនាំ នៃប្រទេសអាស៊ាន បានធ្វើសេចក្តីថ្លែងការណ៍មួយ ស្តីពីប្រទេសមីយ៉ាន់ម៉ា កាលពីមួយសប្តាហ៍មុន ដែលបានអំពាវនាវ ឱ្យបញ្ឈប់អំពើហឹង្សាជាបន្ទាន់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារ វិស័យជាច្រើននៃសង្គម បានឈប់ដំណើរការ នៅពេលដែលប្រជាជនចូលរួម ក្នុងចលនាមិនគោរពស៊ីវិល។

គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ មានមនុស្សចំនួន ៧៥៩ នាក់ ត្រូវបានសម្លាប់ ដោយរបបយោធា នេះបើយោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទ្ធិមនុស្ស ដែលឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ ឈូក បូរ៉ា

To Top
×