ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល​ ដាក់បម្រាមប្រទេសចំនួន៧ ក្នុងការធ្វើដំណើរ ចូលមកកាន់ ប្រទេសរបស់ខ្លួន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែល បានសម្រេចចិត្តជាផ្លូវការហើយ ក្នុងការដាក់បម្រាម ធ្វើដំណើរជាមួយនឹងប្រទេសចំនួន៧ ដែលភាគច្រើនត្រូវបាន គេដឹងថាជាប្រភព ដែលមានផ្ទុះ នូវវិរុសកូវីដពូជថ្មី ចុងក្រោយបង្អស់។

ប្រភពដដែលបានឲ្យដឹងដែរថា ប្រទេសទាំង៧នោះ មានដូចជាអ៊ុយក្រែន អេត្យូពី ប្រេស៊ីល អាហ្វ្រិកខាងត្បូង ឥណ្ឌា មិកស៊ិក និងប្រទេសតួកគីផងដែរ ហើយគោលការណ៍ថ្មីនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ និងក្នុងរយៈពេល១៣ថ្ងៃ។

ការសម្រេចចុងក្រោយ របស់រដ្ឋាភិបាល ត្រូវបានធ្វើឡើង នៅក្រោយពេលដែលខ្លួន បានធ្វើការត្រួតពិនិត្យ ទៅលើកម្រិតលក្ខខណ្ឌមួយចំនួន ដូចជាសេចក្តីប្រកាសអាសន្ន របស់ប្រទេសទាំងនោះផង អត្រាភាគរយ នៃចំនួនអ្នកចាក់វ៉ាក់សាំងផង និងជាពិសេសភស្តុតាង ព្រមទាំងចំនួន នៃអ្នកឆ្លង វីរុសពូជកាត់ថ្មីផង។

គួរឲ្យដឹងដែរថា​ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអ៊ីស្រាអ៊ែល ដែលត្រូវបានគេស្គាល់ថា ជាប្រទេសដំបូងគេ ប្រកាសឈប់ឲ្យពលរដ្ឋរបស់ខ្លួន មិនចាំបាច់ ប្រើប្រាស់ម៉ាស នៅទីសាធារណៈនោះ មានចំនួនឆ្លងថ្មី ត្រឹមតែ៨៧នាក់ ដែលវាបានធ្វើឲ្យចំនួន នៃអ្នកឆ្លងសរុប កើនទៅដល់៨៣៨ ៤៨១នាក់៕ ប្រែសម្រួល៖ស៊ុនលី

To Top