Covid-19

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង ១៤ម៉ឺននាក់ ខណៈបាតុកម្មប្រឆាំង រដ្ឋប្រហារកំពុងបន្ដ

រ៉ង់ហ្គូន៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,៨៣៨ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ៧ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល និងកីឡា។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កំណត់ត្រាថ្មីនេះគ្មានការស្លាប់ថ្មី ត្រូវបានគេរាយការណ៍នោះទេ កាលពីថ្ងៃអាទិត្យ ដែលរក្សាចំនួនអ្នកស្លាប់មានដល់ ៣,២០៩ នាក់នៅក្នុងប្រទេស។

យោងតាមតួលេខរបស់ ក្រសួងបានបញ្ជាក់ថាអ្នកជំងឺសរុបចំនួន ១៣១,៩៨១ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ហើយជាង ២,៥៧ លាននាក់ត្រូវបានគេធ្វើតេស្ត សម្រាប់ជំងឺកូវីដ-១៩ រួមទាំងសំណាកចំនួន ១,៥២៤ ត្រូវបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យ។

មីយ៉ាន់ម៉ា បានរកឃើញករណីវិជ្ជមាន ពីរលើកដំបូងរបស់ខ្លួននៃជំងឺកូវីដ- ១៩ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ហើយរហូតមកដល់ពេលនេះ នៅតែជាពេលដែលត្រូវព្រួយបារម្ភ ដោយសារតែពលរដ្ឋ បានបន្ដប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារយោធា ដែលងាយនឹងឆ្លង ឬចម្លងមេរោគនេះ៕

ដោយ ឈូក បូរ៉ា

To Top