ព័ត៌មានអន្តរជាតិ

ឥណ្ឌា អំពាវនាវឲ្យអន្ដរជាតិ ចែករំលែកព័ត៌មាន លើឧបករណ៍ សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ញូវដេលី៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman កាលពីថ្ងៃចន្ទបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងពិភពលោក គឺជាគន្លឹះ ដើម្បីទទួលបាន ជោគជ័យ ក្នុងការស្វែងរកការងើបឡើងវិញ ដែលអាចទ្រទ្រង់ បានបន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ដោយដកស្រង់សម្ដី លោកស្រី Nirmala Sitharaman ថាព័ត៌មានស្តីពីឧបករណ៍ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គួរតែត្រូវបានចែកចាយជាអន្តរជាតិ ។

លោកស្រីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា“ ព័ត៌មានអំពីឧបករណ៍ ទាំងអស់ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលវ៉ាក់សាំង ឬបច្ចេកវិទ្យា គួរតែត្រូវបានចែកចាយ ជាអន្តរជាតិ” ។

លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីឱ្យប្រទេស ឥណ្ឌា ទទួលបានវត្ថុធាតុដើមសំខាន់ៗដែលចាំបាច់ សម្រាប់បង្កើនសមត្ថភាព ផលិតវ៉ាក់សាំងរបស់ឥណ្ឌា ។

លោកស្រីបានបន្ថែមថា “ កិច្ចសហប្រតិបត្តិការ ដើម្បីភាពធន់ និងកំណើនប្រកប ដោយចីរភាព ត្រូវការការចូលរួមពីស្ថាប័ន ពហុភាគី សម្រាប់ការបង្កើត ទ្រព្យសម្បត្តិឌីជីថល ក៏ដូចជាទ្រព្យសម្បត្តិ ដែលធន់នឹងគ្រោះ មហន្តរាយ ខណៈដែលរក្សាការអភិវឌ្ឍ មនុស្សជាអាទិភាព” ដោយធានាថា ប្រទេសឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ទាំងអស់ សំដៅពង្រឹងតំបន់ក៏ដូចជា ក្នុងនាមជាកិច្ចសហប្រតិបត្តិការសកល៕

ដោយ ឈូក បូរ៉ា

To Top