ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប កោះអញ្ជើញប្រេសិតរុស្ស៊ី ជុំវិញការដាក់បម្រាមធ្វើដំណើរ លើមន្ត្រីទីក្រុងព្រួចសែល

បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីនេះបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតរុស្ស៊ី មកធ្វើការថ្កោលទោសលើការ សម្រេចចិត្តរបស់ទីក្រុងមូស្គូ ដាក់បម្រាមហាមមិនឲ្យមន្ត្រី ៨រូបចូលទៅក្នុងប្រទេសខ្លួន ហើយបម្រាមនោះត្រូវ វិមានក្រឹមឡាំងនិយាយថា ធ្វើឡើងក្នុងការសងសឹកចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុបដាក់លើពលរដ្ឋរុស្ស៊ី។

នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យសហភាពអឺរ៉ុប បាននិយាយយ៉ាងដូច្នេះថា “ឯកអគ្គរដ្ឋទូតរុស្ស៊ី ត្រូវបានកោះអញ្ជើញ លោកគួរតែបានទទួលនៅពេលរសៀល ដោយអគ្គលេខាធិការនៃគណៈកម្មការអឺរ៉ុប និងទីភ្នាក់ងារចំណាត់ការខាងក្រៅអឺរ៉ុប ជាទីដែលយើងនឹងបង្ហាញលោក នូវការថ្កោលទោសនិងការជំទាស់ដ៏ខ្លាំងក្លា”។

កាលពីថ្ងៃសុក្រ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ីបាននិយាយថា បុគ្គលដែលត្រូវហាមឃាត់ទាំងនោះ រួមមានលោក Vera Jourova អនុប្រធានផ្នែកគុណតម្លៃ និងតម្លាភាពនៅគណៈកម្មការប្រតិបត្តិអឺរ៉ុប លោក David Sassoli ប្រធានរដ្ឋសភាអឺរ៉ុប និងលោក Jacques Maire សមាជិកគណៈប្រតិភូបារាំងនៅក្រុមប្រឹក្សារបស់រដ្ឋសភាអឺរ៉ុប។

គួរបញ្ជាក់ថា ការតវ៉ានេះ គឺជារឿងរ៉ាវដ៏ថ្មីបំផុតក្នុងភាពតានតឹង ផ្នែកការទូតកំពុងកើនកម្តៅឡើង ចាប់តាំងពីដើមឆ្នាំ២០២១មក ជាពេលដែលទីក្រុងមូស្គូ បានបណ្តេញមន្ត្រីការទូតអឺរ៉ុប នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ ធ្វើឡើងដោយតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top