ព័ត៌មានអន្តរជាតិ

វ៉ាស៊ីនតោន បដិសេធសេចក្តីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលថាមានការព្រមព្រៀង ផ្លាស់ប្តូរអ្នកទោសគ្នា

បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបដិសេធចំពោះ សេចក្តីរាយការណ៍មួយ ធ្វើឡើងដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ដែលថាប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសគ្នា ក្នុងការដោះដូរសម្រាប់ ដកការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ ៧ពាន់លានដុល្លារ ក្រោមទណ្ឌកម្មអាមេរិក នៅក្នុងប្រទេសដទៃ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងធ្វើការដោះលែង ជនជាតិអាមេរិក ៤នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើចារកម្ម ជាថ្នូរសម្រាប់ជនជាតិអ៊ីរ៉ង់ ៤រូប ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក និងការដកការបង្កកមូលនិធិអ៊ីរ៉ង់។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការបដិសេធថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះទេ ហើយមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានមានប្រសាសន៍ថា សេចក្តីរាយការណ៍ស្តីពី កិច្ចព្រមព្រៀងដោះដូរអ្នកទោសគ្នា គឺជារឿងមិនពិត។

ចំណែកប្រធានបុគ្គលិកសេតវិមាន លោក Ron Klain ក៏បានបដិសេធចំពោះ សេចក្តីរាយការណនោះផងដែរ ដោយលោកនិយាយថា “ជាអកុសល សេចក្តីរាយការណ៍នោះមិនពិតនោះទេ គឺគ្មានកិច្ចព្រមព្រៀងឲ្យដោះលែង ជនជាតិអាមេរិកទាំង ៤នាក់នោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top