ព័ត៌មានអន្តរជាតិ

ហ្វីលីពីនប្តេជ្ញាបន្ត ធ្វើសមយុទ្ធដែនសមុទ្រនៅ សមុទ្រចិនខាងត្បូង 

បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែនសមុទ្រ នៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាពដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។

កងកម្លាំងការពារដែនសមុទ្រនិងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទប់ទល់នឹងវត្តមានដ៏គួរឲ្យខ្លាចរបស់ទូកចិន។

រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើល្បាតដែនសមុទ្រ នៅក្នុង WPS (សមុទ្រហ្វីលីពីនខាងលិច) និងនៅក្រុមកោះ Kalayaan ដោយកងកម្លាំងការពារដែនសមុទ្រហ្វីលីពីន និងការិយាល័យនេសាទនិងធនធានជនផល នឹងនៅតែបន្ត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic Times នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីនរូបនេះ បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “រដ្ឋាភិបាលនឹងមិនដកថយក្នុងគោលជំហររបស់ខ្លួននោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×