ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងចូលរួមក្នុងកិច្ចពិភាក្សា Shangri-La នៅសិង្ហបុរី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរីនាខែក្រោយ នេះបើតាមសម្តីមន្ត្រីអ្នករៀបចំ ក្រោយកិច្ចប្រជុំប្រចាំឆ្នាំនោះ បានផ្អាកកាលពីឆ្នាំមិញ ដោយសារតែការផ្ទុះឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលនឹងរៀបចំធ្វើឡើងដោយ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ IISS នេះ គឺត្រូវបានគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ IISS បាននិយាយប្រាប់ដូច្នេះថា “វាជាដំណើរទស្សនកិច្ច ដំបូងរបស់លោករដ្ឋមន្ត្រី មកកាន់អាស៊ីអាគ្នេយ៍ និងក៏ដូចជាការផ្តល់នូវសុន្ទរកថា លើកំណត់ត្រារបស់លោកផងដែរ ហើយលោកក៏នឹងធ្វើជំនួបទ្វេភាគី និងពហុភាគីនានា នៅក្រៅកិច្ចប្រជុំកំពូលនោះផងដែរ”។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល Shangri-La Dialogue នេះ ជាចម្បងបានទាក់ទាញមន្ត្រីយោធាលំដាប់ខ្ពស់ មន្ត្រីការទូត និងក្រុមហ៊ុនផលិតអាវុធនានា មកពីជុំវិញពិភពលោក ចាប់តាំងពីវាបានចាប់ផ្តើម ប្រារព្ធធ្វើជាលើកដំបូង នៅក្នុងឆ្នាំ២០០២មកម៉្លេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top