វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារម្សិលមិញនេះ បានកំណត់គោលដៅនៃ ការទទួលបានប្រជាជនចំនួន ៧០ ភាគរយនៃចំនួនប្រជាជន ពេញវ័យរបស់ប្រទេសដើម្បី ទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងតិចមួយដងនៅត្រឹមថ្ងៃទី៤ ខែកក្កដា។
សុន្ទរកថានៅសេតវិមានបានឲ្យដឹងថា លោកក៏ចង់ឲ្យមនុស្សពេញវ័យ ១៦០លាននាក់ចាក់វ៉ាក់សាំងការពារខ្លួន ដោយទិវាឯករាជ្យផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមមជ្ឈមណ្ឌលការពារ និងបង្កាជំងឺអាមេរិក (CDC) បានឱ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទកន្លងទៅនេះ ជនជាតិអាមេរិកជាង ១៤៥,៣ លាននាក់ ដែលមានអាយុលើសពី ១៨ ឆ្នាំ ឬស្មើនឹង ៥៦,៣ភាគរយ នៃចំនួនមនុស្សពេញវ័យសរុប បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដង។
ទិន្នន័យរបស់ CDC បានបង្ហាញថា ជនជាតិអាមេរិកប្រហែលជា ១០៤,៧ លាននាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ ឬ ៤០,៦ ភាគរយនៃចំនួនមនុស្សពេញវ័យសរុប ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។
គេប៉ាន់ប្រមាណថាចន្លោះពី ៧០ ទៅ ៨៥ ភាគរយនៃចំនួនប្រជាជនអាមេរិក ចាំបាច់ត្រូវតែមានភាពស៊ាំទៅនឹងជំងឺកូវីដ-១៩ ដើម្បីឈានទៅរកភាពស៊ាំរបស់រាងកាយ៕
ដោយ ឈូក បូរ៉ា
