ប៉េកាំង៖ អ្នកនាំពាក្យចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថា រាល់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ ដល់អធិបតេយ្យភាពរបស់ចិន ឬធ្វើឱ្យប៉ះពាល់ ដល់មុខមាត់ របស់ប្រទេសចិន ក្រោមលេសផ្សេងៗគ្នា ដែលត្រូវបរាជ័យ។ វាជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ថ្មីៗ នេះ របស់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង ៧ (G7) ទាក់ទងនឹងប្រទេសចិន។
សេចក្តីថ្លែងការណ៍រួម ត្រូវបានចេញដោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស G7 កាលពីថ្ងៃពុធ។ វាបានសម្តែងការព្រួយបារម្ភ លើស៊ីនជាំង ទីបេ ហុងកុង និងស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ក្នុងនោះក៏បានសម្តែងការគាំទ្រ ដល់កោះតៃវ៉ាន់ ដើម្បីចូលរួមក្នុងសន្និបាត សុខភាពពិភពលោកផងដែរ។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានសង្ខេបប្រចាំថ្ងៃថា កិច្ចប្រជុំ G7 បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន។ លោកបានលើកឡើងថាពួកគេបានជ្រៀតជ្រែកដោយចំហ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានបង្កើតប្លុកនយោបាយ ដែលបានបង្វែរទិសដៅនៃប្រវត្តិសាស្ត្រ។
លោកបាន បន្ថែមទៀតថា “នេះគឺជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងអធិបតេយ្យភាព ជាតិ របស់ចិន និងការបំផ្លិចបំផ្លាញ នូវបទដ្ឋានគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ដែលប្រឆាំងនឹង និន្នាការសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ សម្រាប់លទ្ធផលឈ្នះឈ្នះ” ។
លោកបានកត់សម្គាល់ថា បញ្ហាដែលទាក់ទងនឹងស៊ីនជាំង ទីបេ និងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកបានបន្ថែមទៀតថា ប្រទេសចិន ទទួលបាននូវ មូលដ្ឋានពិត និងច្បាប់គ្រប់គ្រាន់ សម្រាប់អធិបតេយ្យភាព និងសិទ្ធិដែលបានទាមទារ នៅក្នុងកោះតាវយូ និងកោះជាប់គ្នា កោះសមុទ្រចិនខាងត្បូង និងដែនទឹកនៅជាប់គ្នា ផ្សេងទៀត៕
ដោយ ឈូក បូរ៉ា