ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលរដ្ឋសមាជិកណាតូនៅអឺរ៉ុប ផ្តោតលើបញ្ហាអ៊ុយក្រែន 

បរទេស៖ លោកប្រធានាធិបតីរ៉ូមា Klaus Iohannis បានមានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋជាសមាជិកណាតូ នៅអឺរ៉ុបខាងកើត ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Bucharest ជារដ្ឋធានីនៃប្រទេសរ៉ូម៉ា ដោយផ្តោតលើសន្តិសុខនៅតំបន់សមុទ្រខ្មៅនិង ប្រទេសអ៊ុយក្រែន។

ជំនួបកំពូលនេះ តាមសេចក្តីរាយការណ៍ នឹងត្រូវបានរៀបចំរួមគ្នាដោយលោក Klaus Iohannis និងលោកប្រធានាធិបតីនៃប្រទេសប៉ូឡូញ Andrzej Duda និងមានគោលដៅសម្របសម្រួលដល់គោលជំហរសន្តិសុខ របស់បណ្ដាប្រទេសនៅក្នុងតំបន់។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅលើគណនីបណ្ដាញសង្គមធ្វីតធ័រ លោកប្រធានាធិបតីរ៉ូម៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា “រីករាយស្វាគមន៍លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូល Bucharest9 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Bucharest  នាថ្ងៃនេះ”។

លោកប្រធានាធិបតីរូបនេះ បានមានប្រសាសន៍បន្ថែមថា “រួមគ្នាជាមួយលោកប្រធានាធិបតី Andrzej Duda  នោះ យើងក៏ស្វាគមន៍ចំពោះលោក Jens Stoltenberg ក្នុងដំណើរត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលណាតូ ដោយផ្តោតសំខាន់លើចំណងមិត្តភាពអន្តរអាត្លង់ទិក ណាតូ២០៣០ កិច្ចការពារនិងការទប់ស្កាត់លើផ្នែកខាងកើត”៕ប្រែសម្រួល៖ប៉ាង កុង

To Top