ព័ត៌មានអន្តរជាតិ

លោក ពូទីន ត្រួតមើលអំណាចយោធារុស្ស៊ី ស្របពេលមានភាពតានតឹង ជាមួយលោកខាងលិច

បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យនេះ បានធ្វើការត្រួតមើលពិធីព្យុហយាត្រាយោធា ក្នុងទិវាជ័យជំនះសង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី ដែលជាការបង្ហាញពីភាពស្នេហាជាតិ នៃអំណាចយោធា ស្របពេលមានភាពតានតឹងកើនឡើង ជាមួយប្រទេសលោកខាងលិច នៅក្នុងឆ្នាំនេះ។

ពិធីព្យុហយាត្រានៅទីលានក្រមហក្នុងទីក្រុងមូស្គូ ដែលរំឭកដល់គម្រប់ខួបជ័យជំនះ របស់សហភាពសូវៀតលើ ពួកអាល្លឺម៉ង់ណាស៊ី ក្នុងសង្គ្រាមលោកលើកទី២នេះ មានកងទ័ពចូលរួមជាង ១២.០០០នាក់ និងឧបករណ៍យោធាជាង១៩០ ដែលរួមមានទាំងប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប និងមានយន្តហោះយោធាជិត ៨០គ្រឿង ហោះហើរក្នុងអាកាស។

តាមសេចក្តីរាយការណ៍ លោក វ្លាឌីមៀត ពូទីន ដែលបានកាន់អំណាច ក្នុងនាមជាប្រធានាធិបតី ឬក៏ជានាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៩៩មក បានឈរនៅក្បែរអតីតយុទ្ធជនសង្គ្រាមសូវៀត នៅលើវេទិកាត្រួតពិនិត្យមើលមួយ ដែលគេដំឡើងនៅលើទីលានក្រហម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងរុស្ស៊ី ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបណ្ដេញមន្ត្រីការទូតគ្នាទៅវិញទៅមក ក្នុងទង្វើសងសឹកជាបន្តបន្ទាប់មួយ ហើយទីក្រុងមូស្គូ និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏មានជម្លោះបែបការ ទូតប្រហាក់ប្រហែលគ្នានេះដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×