ព័ត៌មានអន្តរជាតិ

តួកគី៖​ កិច្ចពិភាក្សាគ្នា ស្តីពីជម្លោះជាមួយ អារ៉ាប៊ីសាអូឌីត នឹងបន្តធ្វើ

បរទេស៖ នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានមានប្រសាសន៍ថា ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត នឹងរក្សាធ្វើកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហា ខ្វែងគំនិតគ្នា ក្រោយការពិភាក្សាគ្នា អំពីចំណងមិត្តភាពទ្វេភាគី និងសកម្មភាពអ៊ីស្រាអែល នៅទីក្រុងយេរូសាឡឹម និងតំបន់ហ្គាហ្សា ជាមួយសមភាគី អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Mecca។

លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានជួបគ្នាសម្រាប់ការពិភាក្សា មានគោលដៅបំបាត់ជម្លោះមួយ ជុំវិញការសម្រាប់ អ្នកសារព័ត៌មាន អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅក្នុងទីក្រុងកាប៊ុល កាលពីឆ្នាំ២០១៨ ដែលបណ្ដាល ឲ្យមានការថ្កោលទោស និងពហិការអារ៉ាប៊ីសាអូឌីត មិនប្រើប្រាស់ទំនិញតួកគី។

លោករដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានតួកគី Anadolu ថា “ខ្ញុំចង់ថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ Faisal សម្រាប់ការអញ្ជើញ និងការធ្វើបដិសណ្ឋារៈរបស់ទ្រង់។ យើងបានប្រារព្ធ ធ្វើកិច្ចជំនួបបើកចំហ និងស្មោះត្រង់ និងបានលើកឡើង ពីចំណុចបញ្ហាមួយចំនួន នៅក្នុងចំណងមិត្តភាព របស់យើង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mevlut Cavusoglu បានមានប្រសាសន៍ បន្តទៀតថា “យើងក៏បានពិភាក្សាគ្នា អំពីវិធីបង្កើន សហប្រតិបត្តិការ របស់យើង ក្នុងចំណងមិត្តភាពទ្វេភាគី និងក្នុងបញ្ហាក្នុងតំបន់នានា។ យើងបានសម្រេចចិត្ត បន្តកិច្ចពិភាក្សាគ្នារបស់យើង ហើយខ្ញុំបានអញ្ជើញ ទ្រង់ឲ្យមកទស្សនកិច្ចតួកគី”៕ ប្រែសម្រួល៖ប៉ាង កុង

To Top