ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី ត្រៀមរួចរាល់ ដើម្បីបញ្ជូនថ្នាំវ៉ាក់សាំង Sputnik V ឲ្យតួកគី

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ឲ្យដល់តួកគី។

ទីភ្នាក់ងារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា “ភាគី (ទាំងពីរ) បន្តកិច្ចពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ហើយលោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសរុស្ស៊ី ដើម្បីធានាដល់ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង Sputnik V ឲ្យទៅប្រទេសតួកគី។

ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ គណៈប្រតិភូតួកគី នឹងធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហានេះ”។

លោក ពូទីន តាមសេចក្តីរាយការណ៍ ក៏បានធ្វើការជូនពរដល់លោក Erdogan និងប្រជាជនតួកគី ក្នុងឱកាសនៃការបញ្ចប់ខែពិសិដ្ឋ Ramadan នាពេលខាងមុខនេះ ហើយក្រៅពីនោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សាទ្វេភាគីតាមប្រក្រតី ទៅតាមកម្រិតផ្សេងៗគ្នា។

គួរបញ្ជាក់ផងដែរថា ក្រៅពីរឿងថ្នាំវ៉ាក់សាំងកូវីដ១៩ មេដឹកនាំទាំងពីរ បានបង្ហាញនូវគោលជំហរដ៏មុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោយផ្អែកលើទំនៀមអន្តរជាតិស្របច្បាប់ ដែលគេទទួលស្គាល់ទូទៅផងដែរ៕ប្រែសម្រួល៖ប៉ាង កុង

To Top