ព័ត៌មានអន្តរជាតិ

ពួកហាម៉ាស វាយប្រហារ កាន់តែខ្លាំងចូល អ៊ីស្រាអែល

បរទេស ៖ ពួកហាម៉ាស បានបាញ់គ្រាប់រ៉ុក កែទៅលើទីក្រុងតេលអាវីវ និងឆ្ពោះទៅទីក្រុងយេរូសាឡឹម ហើយអ៊ីស្រាអែល បានប្តេជ្ញាធ្វើការរក្សា វាយប្រហារលើក្រុមឥស្លាម នៅក្នុងតំបន់ ហ្គាហ្សា បើទោះជាលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ធ្វើការព្យាករថា ការប្រទូស្តរ៉ាយដ៏សាហាវបំផុត របស់ពួកគេក្នុងពេលជាច្រើនឆ្នាំ អាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះ ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មាន របាយការណ៍ថា មានជនរងគ្រោះពីការវាយប្រហារ មុនព្រឹកព្រលឹមនោះទេ ។

យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ចំនួន៦៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើង នៅថ្ងៃចន្ទមក ចំណែកមន្ត្រីផ្នែកវេជ្ជសាស្ត្រ បាននិយាយថា មនុស្សចំនួន៧នាក់ បានស្លាប់នៅអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ស្របពេលដែលមហាអំណាច ពិភពលោក ទាមទារឲ្យបញ្ឈប់ជម្លោះ ដែលកំពុងតែហៅឲ្យសង្គ្រាម តំបន់ហ្គាហ្សាឆ្នាំ២០១៤ត្រឡប់វិញនោះ ទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនប្រេសិត ខ្លួនមួយរូប គឺលោក Hady Amr ដើម្បីធ្វើការពិភាក្សាគ្នា ជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
ប្រែសម្រួល៖ប៉ាង កុង

To Top